សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញ

20-07-2025 19:53

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្ន ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការចាត់ការតាមនីតិវិធី។

ជនត្រូវចោទទាំង៨នាក់នោះ គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៤០៤២ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន៨នាក់ ១៖ឈ្មោះ FAN TUN, ២៖ឈ្មោះ WU KWOK HUNG, ៣៖ឈ្មោះ NG CHUN KEAN KENNY, ៤៖ឈ្មោះ TANG KING HIN, ៥៖ឈ្មោះ YANG GUI SHUN, ៦៖ឈ្មោះ LING JINGHUA, ៧៖ឈ្មោះ BU LONG និង៨៖ឈ្មោះ ZHOU KAI ZHI និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (online scam)។

ក្រោយពីតុលាការបានពិនិត្យលើរបាយការណ៍របស់សមត្ថកិច្ច លទ្ធផល កោសលវិច័យបឋមលើកុំព្យូទ័រ ទូរសព្ទដៃ ព្រមទាំងពិនិត្យទៅលើភស្តុតាង នានាមួយចំនួនទៀត និងក្រោយពីបានសាកសួរយកចម្លើយជនសង្ស័យ ជាលទ្ធផលនៃការស៊ើបអង្កេតរបស់តុលាការឃើញថា ក្រុមជនសង្ស័យដែលត្រូវបានសមត្ថកិច្ចបង្រ្កាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖០០នាទី នៅចំណុចអាគារ DYVITHHOTEL ស្ថិតនៅលើផ្លូវលេខ១០១១ ភូមិ ឧកញ៉ាវាំង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ពិតជាបានប្រើប្រាស់កម្មវិធី Online scam ដោយមានការផលិតវីដេអូ រូបភាពអាសអាភាស ដោយបង្កើតជា studio ក្លែងខ្លួនជាមន្រ្តីនគរបាល ប្រទេសចិនជំរិតគម្រាមទារប្រាក់ដោយក្លែងឯកសារផ្លូវច្បាប់, ឆបោក (ROMAN SCAM) បង្កើតគណនីបណ្តាញសង្គមក្លែងក្លាយលួងលោម ជនរងគ្រោះវេរប្រាក់។

ជាលទ្ធផលព្រះរាជអាជ្ញា បានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៨នាក់ខាងលើ និងមេក្លោងផ្សេងទៀតពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមាន ការចាត់តាំង និងក្លែងបន្លំ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ២៧១០ អ.យឍ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

នៅក្នុងនីតិវិធីស៊ើបសួរ ចៅក្រមបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់ ព្រមទាំងពិនិត្យទៅលើភស្តុតាងដែលមានក្នុងសំណុំរឿង មានភាពស៊ីសង្វាក់គ្នា ទៅនឹងចម្លើយរបស់ជនត្រូវចោទ ទើបចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនត្រូវចោទទាំង៨នាក់ខាងលើជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា តុលាការនឹងបន្តនីតិវិធីចោទប្រកាន់លើជនសង្ស័យផ្សេងៗ ទៀតដែលមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនេះ ដោយមិនលើកលែងឡើយ៕