យុទ្ធនាការបោសសម្អាត Online Scams! មនុស្សជិត៣ពាន់នាក់ ត្រូវបានចាប់ខ្លួន, មន្រ្តីជាន់ខ្ពស់ចិន វាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើយុទ្ធនាការបោសសម្អាតនេះ

20-07-2025 20:18

(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន៥២ទីតាំង ក្នុង១៥រាជធានី ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន២,៧៦៧នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន១១នាក់ ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។

ផ្តើមចេញពីលទ្ធផលខាងលើ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៥ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឲ្យលោក Yin Guohai ថ្នាក់អគ្គនាយករង នៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក Yin Guohai បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់ នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលថ្មីៗនេះ។

លោក Yin Guohai បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយបន្តចាប់ដៃ គាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការចំពោះប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអំពីយុទ្ធនាការរបស់រាជរដ្ឋាភិបាល រួមទាំងលទ្ធផលក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបញ្ជូនសំណុំរឿងទៅតុលាការ។

លោកសន្តិបណ្ឌិតបានស្វាគមន៍កិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាញជំនាញ និងជំនួយបច្ចេកទេសពីប្រទេសពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព និងបង្កើនជោគជ័យនៃប្រតិបត្តិការបង្ក្រាបនិងបោសសម្អាតរបស់រាជរដ្ឋាភិបាល។ លោកសន្តិបណ្ឌិតក៏បានអរគុណភាគីចិនចំពោះកិច្ចសហការ កន្លងមក។

ភាគីទាំងពីរបានពិភាក្សាលើបទពិសោធន៍ ក្នុងកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងឯកភាពបន្តជំរុញកិច្ចសហការបន្ថែម ក្នុងការចែករំលែកព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅដល់ការបង្ក្រាបទីតាំង និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបន្តនីតិវិធីច្បាប់។

ទន្ទឹមនេះ ភាគីចិនបានសន្យានឹងខិតខំប្រឹងប្រែងជួយកម្ពុជាធ្វើយ៉ាងណាចាប់បញ្ជូនជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅកម្ពុជាត្រលប់ទៅកាន់ប្រទេសចិនវិញឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ដោយភាគីចិនចាត់ទុកការងារនេះ ជាការងារអាទិភាព៕