មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បើកយុទ្ធនាការផ្តល់ថ្នាំ ដើម្បីការពារជំងឺគ្រុនចាញ់

20-07-2025 22:14

(ស្ទឹងត្រែង)៖ ដោយមានកិច្ចសហការរវាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីបើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីការពារជំងឺគ្រុនចាញ់ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ដាច់ស្រយោលស្ថិតនៅឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ពិធីបើកយុទ្ធនាការផ្តល់ថ្នាំជាសមូហភាព ដើម្បីការពារជំងឺគ្រុនចាញ់នាពេលនេះ ធ្វើឡើងក្រោមវត្តមានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត Zhang Zaixing តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត Mohammad Naeem DURRANI តំណាងអង្គការ UNOPS ប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំពាក់លោក លោកស្រីជាអភិបាល អភិបាលរងក្រុង ស្រុក ឃុំ មេភូមិ មន្រ្តីសុខាភិបាលនៃរដ្ឋបាល ខេត្ត-ស្រុក និងអង្គការដៃគូ ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋប្រមាណ១០០០នាក់។

ប្រធានមន្ទីរសុខាភិបាលលោកវេជ្ជបណ្ឌិតឥ អ៊ុង សូវៀត បានថ្លែងថា យុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីការពារជំងឺគ្រុនចាញ់ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យបាននៅក្នុងឆ្នាំ២០២៥នេះ។

លោកវេជ្ជបណ្ឌិតបន្តថា ចៀសវាងកើតជំងឺគ្រុនចាញ់បងប្អូនត្រូវតែយកចិត្តទុកដាក់ក្នុងការការពារ ស្តាប់ការណែនាំ និងត្រូវធ្វើយ៉ាងណាលេបថ្នាំដែលបានចែកជូននាពេលនេះ ឱ្យបានបីដងក្នុងមួយថ្ងៃ ថ្ងៃទី១ លេប៤គ្រាប់ ថ្ងៃទី២ លេប៣គ្រាប់ ថ្ងៃទី ៣ លេប២គ្រាប់ ហើយលោកក៏បានផ្ដែផ្ដាំផ្ដាំបងប្អូនប្រជាពលរដ្ឋកុំពិសារស្រាមុនពេលលាបថ្នាំ ថ្នាំនោះវាគ្មានប្រសិទ្ធភាពនោះទេ។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា អ្វីដែលគួឲ្យកត់សម្គាល់តាមររយៈរបាយការណ៍ការក្រសួងសុខាភិបាល នៅទូទាំងប្រទេសមុខសញ្ញាជំងឺគ្រុនចាញ់នៅមានតិចតួចបំផុត ប៉ុន្តែដោយឡែកនៅខេត្តស្ទឹងត្រែង នៅតែមានចំនួនច្រើននៅឡើយ ដូច្នេះយើងប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលក្នុងការលុបបំបាត់ឲ្យបានជំងឺគ្រុនចាញ់នេះ និងសង្ឃឹមថាប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាឃុំសន្តិភាព និងរួមចំណែកជាមួយគ្នាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នេះ។

អភិបាលខេត្តស្ទឹងត្រែង បន្តថា ការលុបបំបាត់ជំងឺគ្រុនចាញ់មិនអាចសម្រេចទៅបានដោយគ្រាន់តែជាការនិយាយដោយថ្នាក់ដឹកនាំខេត្តក្រសួង ឬមន្ត្រីសុខាភិបាលនោះឡើយ ប៉ុន្តែដើម្បីអាចសម្រេចបាននូវការលុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់ គឹត្រូវមានការចូលរួមទាំងអស់គ្នា ហើយស្តាប់ការណែនាំ និងអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានរបស់យើងលើការបង្ការនិងកាត់ផ្តាច់ឲ្យខានតែបានជំងឹគ្រុនចាញ់នេះ។

សូមបញ្ជាក់ថា នាឱកាសបើកយុទ្ធនាការផ្តល់ថ្នាំជាសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់នេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានចែកជូននូវម៉ុងជ្រលក់ថ្នាំ និងថ្នាំការពារមូសខាំជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕