គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ចេញសេចក្តីថ្លែងការណ៍គាំទ្រ ច្បាប់ធម្មនុញ្ញស្តីពី​វិសោធនកម្មមាត្រា៣៣ បើកផ្លូវឱ្យដកសញ្ជាតិខ្មែរ ដែលគប់គិតបរទេសបំផ្លាញប្រយោជន៍ជាតិ

21-07-2025 10:47

(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ដែលមានអង្គការ​សមា​គម​​ខ្មែរកម្ពុជាក្រោមជាច្រើនជាសមាជិកនោះ បានបង្ហាញការគាំទ្រពេញទំហឹងចំពោះ​ការ​ធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បើកផ្លូវឱ្យដកសញ្ជាតិខ្មែរទាំងឡាយ​ណា ដែលគប់គិតបរទេសបំផ្លាញផលប្រយោជន៍ជាតិ។

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ដែលបើកផ្លូវឱ្យដកសញ្ជាតិខ្មែរទាំង​ឡាយ​គប់គិតបរទេសបំផ្លាញផលប្រយោជន៍ជាតិនោះ ត្រូវបានព្រះមហាក្សត្រឡាយ​ព្រះ​ហស្ថ​​លេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ បន្ទាប់ពីបានពិនិត្យ និងអនុម័ត​ដោយ​រដ្ឋ​សភា និងព្រឹទ្ធសភា។

គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ដែលមានអង្គការ-សមាគម ខ្មែរ​កម្ពុជា​ក្រោមទាំង៦ ជាសមាជិក ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើ​វិ​សោធន​កម្មនេះ។

គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម យល់ឃើញថា ការធ្វើវិសោធនកម្ម​នេះ ក្នុងគោលបំណងសំខាន់ ក្នុងការពង្រឹងប្រទេស ធានា និងការការពារសន្តិសុខ សន្តិភាព ស្ថេរភាព អធិបតេយ្យជាតិ ទប់ស្កាត់រាល់ការប្រឆាំង និងការជ្រៀតជ្រែក ពីខាងក្រៅ។

ក្នុងសេចក្តីថ្លែងការណ៍បន្តថា ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ គឺជាការ​ប្រឆាំងរាល់អំពើក្បត់ជាតិជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិ​សុខ​ជាតិ និងឧត្តមប្រយោជន៍ប្រទេសជាតិ។ ការសម្រេចធ្វើវិសោធនកម្មនេះ បាន​បង្ហាញ​ឱ្យឃើញអំពីភាពរឹងមាំនៃលក្ខខណ្ឌ ពង្រឹងកិច្ចការការពារជាតិ ស្រប​តាម​ស្តង់​ដារ និងនិយាមអន្តរជាតិ។

សូមបញ្ជាក់ថា សេចក្តីស្នើធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា៣៣ ដែលចែង​ពាក់​ព័ន្ធ​សញ្ជាតិ ធ្វើឡើងតបតាមការស្នើរួមគ្នារបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សេចក្តីស្នើធ្វើវិសោធនកម្ម​នេះ ត្រូវបានរដ្ឋសភា អនុម័តជាឯកច្ឆន្ទដោយ សំឡេង​គាំទ្រពីសមាជិក ១២៥ លើ១២៥អង្គ/រូបកាលពីថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៥ ហើយ​ត្រូវបានព្រឹទ្ធសភា ដែលមានសមាជិកចូល​រួម​៦០រូប អនុម័តក្នុងអង្គ​ប្រជុំនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

ទាំងរដ្ឋសភា និងព្រឹទ្ធសភា បានគូសរំលេចដូចគ្នាថា ច្បាប់ធម្មនុញ្ញស្តីពីវិសោធន​កម្ម​មាត្រា​៣៣នេះ មានគោលបំណងលើកកម្ពស់ឧត្តមគតិជាតិ បន្សុទ្ធមនសិការ​ស្មារតី​ស្នេហាជាតិ និងរក្សាគោលជំហរស្មោះត្រង់ឥតងាកររបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសការ​តម្កល់ផលប្រយោជន៍ជាតិជាធំ។

បន្ថែមពីលើនេះ ច្បាប់នេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ ការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ ទប់ស្កាត់ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ច​ការ​ផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតជាមួយ បរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ ហើយក៏បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំន ក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ច​ការ​ពារជាតិ ស្រប់តាមស្ដង់ដារ និងនិយាមអន្តរជាតិ។

សូមបញ្ជាក់ថា ការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរនេះ ក៏មិនមែន​ជា​រឿង​ចម្លែក ឬជារឿងថ្មីដែលទើបកើតមានលើកទី១នៅក្នុងប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នោះទេ។ ផ្អែកតាមការសិក្សាស្រាវជ្រាវ កាលពីសម័យមុន កម្ពុជាក៏មានច្បាប់​កំណត់​អំពីការដកសញ្ជាតិខ្មែរដែរ ដូចជាក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើ​វិសោធន​​កម្មជាបន្តបន្ទាប់ និងមានច្បាប់ស្តីពីបាត់បង់សញ្ញាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើ តាមព្រះរាជក្រមលេខ ៣៧៧/ ៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨។

មិនតែប៉ុណ្ណោះ នៅបណ្តាប្រទេសជាច្រើន ដូចជា បារាំង, អាម៉េរិក, អង់គ្លេស, អាល្លឺ​ម៉ង់, អូស្ត្រាលី, អ៊ីតាលី, ប៊ែលហ្សិក, ឥណ្ឌា, សាធារណរដ្ឋកូរ៉េ និងសិង្ហបុរីជាដើម សុទ្ធ​តែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេសក្នុងករណី​ប្រព្រឹត្តអំពើធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់​ដល់វិស័យសន្តិសុខជាតិ៕