អនុប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ផ្តល់ចង្ក្រាន្តសន្សំសំចៃថាមពលជូនដល់ពលរដ្ឋ ៧៤៤គ្រួសារ ក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ

21-07-2025 11:47

(កំពង់ធំ)៖ ចង្ក្រាន្តសន្សំសំចៃថាមពលបានផ្តល់ជូនដោយឥតគិតថ្លៃពីក្រុមហ៊ុន SIPCO តាមរយៈលោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ត្រូវបានបន្តផ្តល់ជូនប្រជាពលរដ្ឋ ៧៤៤គ្រួសារ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ នារសៀលថ្ងៃទី២០ ខែ កក្តដា ឆ្នាំ២០២៥ នៅសាលាឃុំត្រពាំងឬស្សី។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាលោកស្រី យស ថានារី សមាជិករដ្ឋសភាលោកស្រី លំ គន្ធារី អភិបាលរងខេត្ត តំណាងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើន។

ក្នុងឱកាសនោះលោកស្រី មាន សំអាន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជា ដែលលោកតែងគិតគូរសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសកន្លងមកសម្ដេចតែងតែជួយគាំទ្រដល់សកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។ ការចូលរួមប្រើប្រាស់ចង្រ្កានសន្សំសំចៃថាមពលរបស់ប្រជាពលរដ្ឋ ដេីម្បីចូលរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ក្នុងការជួយកាត់បន្ថយថ្លៃចំណាយលើការប្រើប្រាស់អុស និងជួយបរិស្ថាន និងបង្កភាពងាយស្រួល សម្រាប់ ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

លោកស្រីបន្តថា ចំពោះការផ្តល់ចង្ក្រាន្តសន្សំសំចៃថាមពលជូននាពេលនេះ គឺជាការរួមចំណែកមួយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកស្រី មាន សំអាន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមយកចង្ក្រាន្តសន្សំសំចៃថាមពលទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុន ហើយត្រូវបន្តថែរក្សាសុខភាព អនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតក្នុងរដូវវស្សានេះដើម្បីចៀសឆ្ងាយពីជម្ងឺឆ្លងផ្សេងៗ ហើយត្រូវជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងណែនាំកូនចៅបងប្អូនឱ្យជៀសឲ្យឆ្ងាយពីគ្រឿងញៀនពិសេសត្រូវជំរុញកូនចៅឱ្យរៀនសូត្របានគ្រប់គ្នាបានខ្ពង់ខ្ពស់ដែលជាការរួមចំណែកក្នុងការកសាងមូលធនមនុស្ស និងជំនាញបច្ចេកទេស ក្នុងការអភិវឌ្ឍប្រទេសជាតិ៕