ទេសរដ្ឋមន្ដ្រី គន់ គីម អញ្ជើញពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង

21-07-2025 11:52

(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ពិធីនេះក៏មានការចូលរួមពី លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា, សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា, ថ្នាក់ដឹកនាំក្រសួង, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង, សមាជិកក្រុមប្រឹក្សាខេត្ត, កងកម្លាំងទាំង ៣ប្រភេទ, មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត, ក្រុមប្រឹក្សា និងអភិបាលស្រុកជុំវិញខេត្ត, តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ, បងប្អូនអតីតយុទ្ធជន និងនិវត្តជន, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ៥០០នាក់។

ក្នុងឱកាសនោះ គណៈអធិបតី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនចំពោះអតីតយុវជន និងនិវត្តន៍ជន ចំនួន ១០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ១បាវ, ទឹកសុទ្ធ ១កេស, មី ១កេស ត្រីខ ១យួរ, ទឺកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកាមួយចំនួនផងដែរ។ ជាមួយគ្នានោះលោករដ្ឋមន្ត្រីក៏បានផ្តល់ជូនស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងនូវកុំព្យូទ័រ ចំនួន ១គ្រឿង ព្រីនធ័រចំនួន ១គ្រឿង និងម៉ាសុីនទឹកក្តៅ-ត្រជាក់ចំនួន ១គ្រឿង ព្រមទាំងតុកៅអីប្រជុំ និងសម្រាប់បំពេញការងាររដ្ឋបាលប្រចាំថ្ងៃរបស់ស្នាក់ការនេះផងដែរ ។

អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងនេះ មានទទឹងប្រវែង ៩ម៉ែត្រ បណ្ដោយប្រវែង ២៨ម៉ែត្រ ស្មើនឹង ២៥២ម៉ែត្រការ៉េ,ប៉ឺបមុខក្រោយ ១០,៥០ម៉ែត្រ គុណនឹង ៦,៥០ម៉ែត្រ ស្មើរនឹង ៦៨ម៉ែត្រការ៉េ ដែលចែកចេញជា ១០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហើយក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងការសាងសង់អគារនេះផងដែរ៕