ឧត្តមសេនីយ៍ឯក ទូច ពលៈ ដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជារាជរដ្ឋាភិបាល ដើម្បីបោសសម្អាតការឆបោកតាមអនឡាញ

21-07-2025 12:04

(កោះកុង)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីណែនាំ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបំពេញតួនាទីដឹកនាំបញ្ជារបស់យន្តការ រចនាសម្ព័ន្ធ និងយន្តការចំពោះកិច្ច ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង ដែលមានការចូលរួមពីអនុប្រធាននាយកដ្ឋាន នាយការិយាល័យ ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ មេបញ្ជាការវរសេនាតូចឈរជើងប្រចាំការនៅតាមតំបន់សមុទ្រ។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញបទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ នៅព្រះរាជាណាចក្រកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន៥២ទីតាំង ក្នុង១៥រាជធានី ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន២,៧៦៧នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន១១នាក់ ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី៕