រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពក្នុងតំបន់ដីសម្បទានសង្គមកិច្ច និងផ្លូវ ១ខ្សែ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
21-07-2025 14:27
(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូរួមមាន រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង, លោកអភិបាលស្រុកសាមគ្គីមានជ័យ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពក្នុងតំបន់ដីសម្បទានសង្គមកិច្ច របស់អតីតយុទ្ធជន ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។
តំបន់សម្បទាននេះមានផ្ទៃដីសរុប ១ ២០០ហិកតា ដោយបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងជំហានទីមួយ ចំនួន ១០៩ខ្នង ចាប់សាងសង់នៅឆ្នាំ២០២២ និងបន្តសាងសង់ផ្ទះ ក្នុងជំហានទី២ ចំនួន ១១០ខ្នងទៀត។ ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកសាងផ្លូវល្បាយក្រួស ចំនួន ២ខ្សែ ប្រវែងសរុប ៤ ១០០ម៉ែត្រ, និងសាងសង់អណ្ដូង ចំនួន ៤អណ្ដូង, បានតម្លើងម៉ាស៊ីនចម្រុះទឹកស្អាតចំនួនកន្លែងផងដែរ។
ក្នុងឱកាសនោះលោករដ្ឋមន្ដ្រី ក៏បានផ្ដល់ជូនអណ្ដូង ចំនួន ៣បន្ថែមទៀត តាមសំណើរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា សម្រាប់បម្រើជូនសេចក្ដីត្រូវការរបស់គ្រួសារអតីតយុទ្ធជន។
បន្ទាប់មកលោក ឆាយ ឫទ្ធិសែន និងគណៈប្រតិភូរួមដំណើរ បានចុះពិនិត្យស្ថានភាព ផ្លូវ ១ខ្សែ ប្រវែង ១៧គីឡូម៉ែត្រ ដែលចាប់ផ្ដើមពីភូមិស្រែសារ ឃុំត្បែងខ្ពស់ ទៅដល់ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
ខ្សែផ្លូវត្រូវបានក្រសួងដាក់បញ្ចូលទៅគម្រោងស្ថាបនា ជាផ្លូវក្រាលកៅស៊ូពីរជាន់ នៅចុងឆ្នាំ២០២៦ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាល និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA)៕