អភិបាលខេត្តកណ្តាល ជំរុញឲ្យសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូរំដោះទឹកក្នុងក្រុងសំពៅពូន ប្រកបដោយស្តង់ដារ និងពន្លឿនឱ្យរួចរាល់តាមផែនការកំណត់
21-07-2025 15:06
(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញឲ្យសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូរំដោះទឹកក្នុងក្រុងសំពៅពូន ប្រកបដោយស្តង់ដារ និងពន្លឿនឱ្យរួចរាល់តាមផែនការកំណត់។ ការជំរុញបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ ដឹកនាំមន្ត្រីបច្ចេកទេស អាជ្ញាធរក្រុងសំពៅពូន ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) និងរៀបចំប្រព័ន្ធលូទឹកភ្លៀង ការដាក់លូតាមបណ្តោយផ្លូវជាតិលេខ ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ៧៦ ជាបេតុងសសៃដែក នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាលកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
អភិបាលខេត្តបន្តថា មន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវគុណភាពល្អប្រសើរ ហើយអ្វីដែលពិសេសនោះមន្ត្រីបច្ចេកទេស ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវនេះ ព្រោះផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ក្រុងសំពៅពូន ក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសជិតខាង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត មកវិនិយោគ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ព្រមទាំងលើកកម្ពស់នូវសោភ័ណភាពរបស់ក្រុងសំពៅពូនទាំងមូលផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅអមសាងខាងផ្លូវ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់ អធ្យាស្រ័យដល់ក្រុមការងារដែលកំពុងស្ថាបនាផ្លូវនេះ សូមចូលរួមសហការគ្នា ជាមួយក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍតែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម។
លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឱ្យដឹងថា ការស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) ចាក់បេតុងសសៃដែក ប្រវែង ២៧០០ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ និងរៀបចំប្រព័ន្ធលូទឹកភ្លៀង មុខកាត់ ០,៨ម៉ែត្រ តាមបណ្តោយផ្លូវលេខ១២១៨។
ការស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ ៧៦ជាបេតុងសសៃដែក ប្រវែង ១២៣០ម៉េត្រ ទទឹង ១៥ម៉ែតត កម្រាស់ ២០សង់ទីម៉ែត្រ ព្រមទាំងផ្លូវខ្នែង ប្រវែង ៣៧៥ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ និងលូប្រអប់ លូមូលកាត់ទទឹងផ្លូវ ៤កន្លែង ។ ការដាក់លូមុខកាត់ ១ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ ២១ ព្រមទាំងលូប្រអប់កាត់ទទឹងផ្លូវចំនួន៤កន្លែង នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ដែលកំពុងស្ថាបនាគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៥ខាងមុខនេះ៕