ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញបិទសិក្ខាសាលាស្តីពី «សារៈសំខាន់នៃតួនាទីរបស់យុវជន ដើម្បីសន្តិភាព» រៀបចំដោយគណៈអ៉ីមាំខេត្តកំពត

21-07-2025 16:31

(កំពត)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាស្តីពី «សារៈសំខាន់នៃតួនាទីរបស់យុវជន ដើម្បីសន្តិភាព» ដោយមាននិស្សិតសិក្សាទាំងក្នុង និងក្រៅប្រទេសចូលរួមចំនួន៩៦នាក់ ក្នុងនោះស្រី១៦នាក់។ សិក្ខាសាលានេះបានធ្វើឡើងរយៈពេលមួយ១ ថ្ងៃពេញ ដែលរៀបចំដោយគណៈអ៉ីមាំ ខេត្តកំពត សហការឧបត្ថម្ភដោយអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ នៅស្នាក់ការគណៈអ៉ីមាំខេត្តកំពត។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរដល់គណៈអ៉ីមាំ ខេត្តកំពត និងអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ ដែលបានសហការគ្នា រៀបចំសិក្ខាសាលានៅថ្ងៃនេះឡើង ដើម្បីផ្តល់ចំណេះដឹងអំពីតួនាទីរបស់យុវជន ដើម្បីសន្តិភាពពីវាគ្មិនជំនាញ ហើយកន្លងមកអង្គការបានខិតខំប្រឹងប្រែង ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា និងជាពិសេសបានផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត ទៅបន្តការសិក្សានៅក្រៅប្រទេស ដែលចូលរួមលើកស្ទុយវិស័យអប់រំ ក៏ដូចជាចូលរួមអភិវឌ្ឍន៍សង្គមជាតិផងដែរ។

ទន្ទឹមគ្នានេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកទឹកចិត្តឲ្យនិស្សិតដែលបានបញ្ចប់ការសិក្សា និងកំពុងបន្តការសិក្សានៅក្រៅប្រទេសទាំងអស់ ត្រូវចេះសាមគ្គីគ្នា រួបរួមគ្នា និងត្រូវប្រកាន់យកគោលការណ៍កណ្តាលនិយម ដើម្បីនាំមកនូវប្រយោជន៍ផ្សេងៗដល់សង្គម ហើយត្រូវបន្តសហការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីភាពរឹងមាំសម្រាប់សហគមន៍។

ទេសរដ្ឋមន្ត្រីក៏បានលើកឡើង អំពីការរីកចម្រើនលើគ្រប់វិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននិងកំពុងធ្វើឲ្យប្រទេសទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយប្រជាពលរដ្ឋទូទៅមានសេរីភាពពេញលេញ ក្នុងការប្រតិបត្តិសាសនា ជាពិសេសបានអនុញ្ញាតឲ្យសិស្ស និស្សិតស្ត្រីឥស្លាមអាចស្លៀកសម្លៀកបំពាក់តាមបែបសាសនា អាចចូលសិក្សានៅតាមគ្រឹះស្ថានអប់រំនានា នៅទូទាំងប្រទេស។

តាមរបាយការណ៍របស់គណៈអ៉ីមាំខេត្តកំពត បានឲ្យដឹងថា ក្នុងចំណោមនិស្សិតទាំង៩៦ នាក់ខាងលើ គឺមកពីខេត្តកំពតទាំងអស់ ក្នុងនោះ មាននិស្សិតរៀននៅក្រៅប្រទេសចំនួន ៨៩នាក់ ក្នុងនោះ រៀននៅប្រទេសអារ៉ប៊ីសាអូឌីតចំនួន ២០នាក់, ប្រទេសអារ៉ាប់រួម ម្នាក់, ប្រទេសតួកគីយេម្នាក់, ប្រទេសស៊ូដង់ម្នាក់, ប្រទេសប៉ាគីស្ថាន ៣ នាក់, ប្រទេសស្រីលង្កាម្នាក់, ប្រទេសឥណ្ឌូនេស៊ី ២៤នាក់ ប្រទេសម៉ាឡេស៊ី ២១នាក់,និងប្រទេសថៃ ១៧នាក់៕