គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ចុះត្រួតពិនិត្យទីតាំងសណ្ឋាគារ និងកាស៊ីណូមិត្តភាព នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទប់ស្កាត់បទល្មើសអនឡាញ

21-07-2025 16:41

(រតនគិរី)៖ អនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMs) ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក ងិន ណែល អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានដឹកនាំកម្លាំងចុះពិនិត្យទីតាំងសណ្ឋាគារ និងកាស៉ីណូមិត្តភាព នៅច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ។

ប្រតិបត្តិការនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី, លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី, លោក ហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ និងក្រោមការសម្របសម្រួលនិតិវិធីដោយលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។

ការចុះពិនិត្យនេះក្នុងគោលបំណងត្រួតពិនិត្យដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ដែលប្រព្រឹត្តដោយជនបរទេស សំដៅការចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក៏ទទួលខុសត្រូវក្នុងការបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMs) ឲ្យមានប្រសិទ្ធខ្ពស់។

លោក ងិន ណែល អភិបាលរងខេត្ត បានបញ្ជាក់ថា ទីតាំងខាងលើនេះបន្ទាប់ពីក្រុមការងារត្រួតពិនិត្យតាមបន្ទប់ទាំងអស់ នៃសណ្ឋាគារ និងកាស៊ីណូ រួចពុំមានឃើញអ្វីគួរឲ្យកត់សម្គាល់នោះទេ។ លោកបន្តថា ក្នុងចំណោមបន្ទប់ទាំងអស់ នៃសណ្ឋាគារ និងកាស៊ីណូ មានតែបន្ទប់ចំនួន១ប៉ុណ្ណោះ ដកហូតយកវត្ថុចាប់យកទៅពិនិត្យ និងបិទស៊ៀលបន្ទប់រងចាំលទ្ធផលពីមន្ត្រីជំនាញ៕