លោក ប៉ែន បូណា៖ ថៃកំពុងចម្លងរូបមន្តបរាជ័យរបស់ក្រុមប្រឆាំងក្រៅស្រុក មកប្រើប្រាស់ដើម្បីបន្សាបឥទ្ធិពលរបស់សម្ដេចតេជោ (Video inside)

21-07-2025 17:04

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា ថៃកំពុងតែប្រើយុទ្ធសាស្រ្ត ដើម្បីបន្សាបឥទ្ធិពលរបស់សម្ដេចតេជោ ហ៊ុន សែន ព្រោះតែសម្ដេចមានឥទ្ធិពលខ្លាំងក្នុងប្រទេសថៃ ដែលបានធ្វើឱ្យនយោបាយថៃ រង្គោះរង្គើយ៉ាងខ្លាំង។ ប្រសាសន៍របស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ បានព្យាយាមនិយាយទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនថា កុំជឿសម្ដីរបស់សម្ដេចតេជ ខណៈដែលរូបលោកផ្ទាល់ធ្លាប់បានអមដំណើរអតីតនាយករដ្ឋមន្រ្តី អ៊ុងអ៊ីង រង់ចាំសម្ដេចដល់ទី៤ម៉ោង ដើម្បីសូមយោបល់ផ្សេងៗពីសម្ដេច ក្នុងការដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេសរបស់ខ្លួន។ ទាំងនេះត្រូវបានលោករដ្ឋមន្រ្តី ប៉ែន បូណា អះអាងថា អ្នកនយោបាយថៃ មិនត្រឹមតែកុហក់ប្រជាជនខ្លួនឯងនោះទេ តែក៏បានកុហក់ខ្លួនឯងផ្ទាល់ផងដែរ។

នៅក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានផ្ដាំទៅកាន់អ្នកនយោបាយថៃថា វិធីសាស្រ្តដែលថៃបានកំពុងធ្វើដើម្បីបន្សាបឥទ្ធិពលរបស់សម្ដេចតេជោនេះ គឺមិនមានប្រសិទ្ធភាពនោះទេ ព្រោះយុទ្ធសាស្រ្តនេះត្រូវបានអ្នកនយោបាយជ្រុលនិយមរាប់ទសវត្សរ៍ហើយមិនជោគជ័យនោះទេ មានតែបាក់បាក់ខ្លួនឯងតែប៉ុណ្ណោះ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖