ទស្សនៈ៖ ការយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ ទៅអង្គការ សហប្រជាជាតិ គឺជាឱកាសមាសសម្រាប់កម្ពុជា

21-07-2025 19:09

(ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ទាហានថៃបីនាក់ដើរជាន់មីន បណ្តាលឱ្យដាច់​ជើងម្នាក់ និងរងបួសពីរនាក់កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបាននិង​កំពុង​ធ្វើអាជីវកម្មលើរឿងនេះយ៉ាងសម្បើម។ ទាំងកងទ័ព ទាំងក្រសួងការបរទេស និងទាំងសារព័ត៌មានថៃ ហាក់ដូចជាមមាញឹកយ៉ាងខ្លាំងក្នុងការប្រឌិតរឿងទម្លាក់​កំហុស​​មកលើកម្ពុជាតាមទម្លាប់អាក្រក់ឥតប្រែប្រួលរបស់ពួកគេ។

ជាដំបូង ពួកគេនាំគ្នាចោទប្រកាន់ទាំងបំពានគ្មានការពិតថា គ្រាប់មីនទាំងនោះ ទើប​តែ​ត្រូវបានដាក់ថ្មីៗនេះដោយទាហានកម្ពុជា។ ប៉ុន្តែ អ្វីដែលធ្វើឱ្យសាធារណជន​ហួស​ចិត្ត​នៅត្រង់ថា ពួកគេអះអាងថា មីននោះផ្ទុះនៅលើទឹកដីរបស់ខ្លួន តែបែរជាចោទថា ភាគីកម្ពុជាជាអ្នកបង្កប់ទៅវិញ។ ត្រង់នេះ វាហាក់ដូចជាការភូតកុហកនៅលើគោក​ពេក​​ ពីព្រោះបើទាហានទាំងនោះដើរនៅលើដីថៃ ហេតុអ្វីបានជាកងទ័ពកម្ពុជា​អាច​ចូល​ទៅដាក់មីនកើត?

ទីបំផុតការភូតកុហកនេះ ត្រូវបានបកអាក្រាតដោយក្រសួងការពារជាតិកម្ពុជាកាល​ពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ដោយ​បញ្ជាក់ថា កងទ័ពថៃបានបង្កើតតម្រាយផ្លូវថ្មីចូលក្នុងដីកម្ពុជា ដោយខ្លួនឯង​ដោយ​ខុស​ពីកិច្ចព្រមព្រៀង ហើយបានជាន់មីនដែលសល់ពីសម័យសង្គ្រាមក្នុងភូមិតេជោ​មរកត ឃុំមរកត ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់ទៀតថា កម្ពុជាបានដាស់​តឿន​ភាគីថៃជាញឹកញាប់ឱ្យគោរពឱ្យបានម៉ឺងម៉ាត់នូវតម្រាយផ្លូវដែលបានឯកភាពគ្នាក្នុងការដើរល្បាតពីព្រោះតំបន់នោះមានគ្រាប់មីនដែលសល់ពីសម័យសង្គ្រាម។

ទោះបីជាកម្ពុជាបានដេញទាន់ជាន់កែងបែបនេះក៏ដោយ ក៏ភាគីថៃនៅតែអះអាង ដោយ​មិនខ្មាសអៀនថា ខ្លួននឹងនាំយករឿងនេះទៅប្តឹងអង្គការសហប្រជាជាតិថា កម្ពុជាបំពានអនុសញ្ញាទីក្រុងអូតាវ៉ាស្តីពីការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ តាមពិតបើតាមទស្សនៈយល់ឃើញផ្ទាល់របស់ខ្ញុំ ការប្រកាសនាំយក​សំណុំ​រឿងនេះទៅប្តឹងអង្គការសហប្រជាជាតិពីសំណាក់ភាគីថៃ គឺជាដំណឹងល្អណាស់ សម្រាប់កម្ពុជា ពីព្រោះថ្នាក់ដឹកនាំកម្ពុជាតែងប្រកាសម្តងហើយម្តងទៀតថា កម្ពុជា គឺជារដ្ឋអធិបតេយ្យមួយដែលគោរពច្បាប់អន្តរជាតិ និងយកច្បាប់អន្តរជាតិជាគោល។ ក្នុងន័យនេះ បំណងរបស់ថៃដែលចង់នាំយកសំណុំរឿងនេះទៅអង្គការសហ ប្រជា ជាតិគួរតែត្រូវបានស្វាគមន៍ ហើយការនាំសំណុំរឿងផ្ទុះមីនទៅអង្គការសហប្រជាជាតិ គឺជាភស្តុតាងថ្មីមួយទៀតដ៏មានទម្ងន់ ក្នុងការជំរុញរឿងនេះទៅតុលាការយុត្តិធម៌អន្តរ ជាតិ (ICJ)។

កន្លងទៅនេះ បន្ទាប់ពីមានព្រឹត្តិការណ៍ដែលទាហានថៃចូលទៅបាញ់កងទ័ពខ្មែរម្នាក់ ឱ្យស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនាំ យកសំណុំរឿងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគី ថៃនៅតែបដិសេធមិនព្រមសហការណ៍ដោយអះអាងថា ថៃមិនទទួលស្គាល់យុត្តា ធិការ​តុលាកនេះឡើយ។

ដូច្នេះ ការដែលថៃនាំសំណុំរឿងផ្ទុះមីននៅមុំ៣ទៅប្តឹងអង្គការសហប្រជាជាតិ គឺជា ឱ​កាសល្អណាស់សម្រាប់កម្ពុជា ក្នុងការជំរុញឱ្យអង្គការសហប្រជាជាតិជួយដាក់សម្ពាធ​លើថៃ ដើម្បីឱ្យយល់ព្រមទៅដោះស្រាយនៅតុលាការ ICJ ពីព្រោះហេតុការណ៍​ផ្ទុះ​គ្រាប់មីននេះក៏ស្ថិតនៅក្នុងតំបន់ដែលថៃទាមទារយកដីខ្មែរដែលកម្ពុជាបានដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិនោះដែរ។ ដូច្នេះ មានតែតុលាការរបស់អង្គការសហប្រជា ជាតិមួយនេះទេទើបអាចសម្រេចក្តីបានដោយយុត្តិធម៌លើសំណុំរឿងនេះ។

យើងសង្ឃឹមជឿជាក់ថា ពេលដែលថៃដាក់សំណុំរឿងនេះដល់អង្គការសហប្រជាជាតិ កម្ពុជាអាចប្រើប្រាស់ឱកាសនេះ ដើម្បីជំរុញឱ្យអង្គការសហប្រជាជាតិជួយគាំទ្រ ដើម្បីនាំយកសំណុំរឿងនេះទៅតុលាការអន្តរជាតិបាន ពីព្រោះអង្គការសហប្រជាជាតិ​មិនមែនជាស្ថាប័នកាត់ក្តីរឿងព្រំដែនទេ។ ម្យ៉ាងទៀត រឿងពីរផ្ទួនគ្នាដែលកើត​នៅ​កន្លែង​តែមួយ ហើយជាទីកន្លែងដែលភាគីនីមួយៗទាមទារថាជាដែនដីរបស់ខ្លួន ដូច្នេះ មានតែតុលាការយុត្តិធម៌អន្តរជាតិទេដែលជាស្ថាប័នមាន​សមត្ថកិច្ចក្នុង​ការ​សម្រេចសេចក្តី។ ក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិ ថៃដែលជាសមាជិក​អង្គការសហប្រជាជាតិដែរនោះប្រាកដជាពិបាកក្នុងការប្រកែកណាស់។ តើនេះមិន​មែន​ជាឱកាសមាសសម្រាប់កម្ពុជាទេឬ?

ដោយ៖ វង្ស មករា
សាស្ត្រាចារ្យ និងជាអ្នកវិភាគនយោបាយ