អ្នកជំនាញអារ្យធម៌ខ្មែរ៖ សំដីមេបញ្ជាការភូមិភាគ២របស់ថៃ លោក ប៊ុនស៊ីន ផាតក្លាង- Boonsin Padklang  ដែលអះអាងឲ្យភ្ញៀវទេសចរខ្មែរត្រូវគោរពច្បាប់ថៃនៅពេលទៅទស្សនាក្រុមប្រាសាទតាមាន់ធំ គឺជាសំដីមេទ័ពចោរព្រៃ

21-07-2025 20:01

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្នុងមហិច្ឆតាឈ្លានពានរបស់ថៃមកលើកម្ពុជា, បើនិយាយអំពីសំដីមេបញ្ជាការភូមិភាគ២របស់ថៃ លោក ប៊ុនស៊ីន ផាតក្លាង- Boonsin Padklang ដែលបានអះអាងយ៉ាងក្ដែងៗ នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២៥នេះ ដោយបានព្រមានទៅកាន់ភ្ញៀវទេសចរខ្មែរ ឲ្យគោរពច្បាប់របស់ថៃឲ្យបានខ្ជាប់ខ្ជួន នៅពេលទៅទស្សនាក្រុមប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី ក្នុងចេតនាបំភ្លៃអធិបតេយ្យទឹកដីប្រាសាទបុរាណខ្មែរ ថា នៅលើទឹកដីរបស់ថៃ នឹងឲ្យប្រជាពលរដ្ឋខ្មែរត្រូវគោរពច្បាប់ថៃ គឺជាសំដីមេទ័ពចោរព្រៃ សំដីច្រទ្បោងខាម និងគ្មានភាពស៊ីវិល័យ នៅក្នុងពិភពលោកសម័យបច្ចេកវិទ្យាទំនើបដ៏ស្រស់បវរនេះ។

ពីព្រោះដំណើរកំសាន្ដទេសចររបស់ប្រជាពលរដ្ឋខ្មែរទៅទស្សនាក្រុមប្រាសាទតាមាន់ធំទាំងនេះ គឺជាដំណើរកំសាន្ដទៅមើលប្រាសាទបុរាណរបស់ដូនតាខ្លួនធម្មតាដែលស្ថិតក្នុងដែនអធិបតេយ្យរបស់ជាតិខ្លួនតែប៉ុណ្ណោះ។

លោក រ័ត្ន សណ្ដាប់ បន្ដថាទន្ទឹមនឹងនេះ សព្វថ្ងៃអ្វីដែលប្រជាពលរដ្ឋថៃ អាចចេញចូលទស្សនានៅលើទឹកដីក្រុមប្រាសាទតាមាន់ធំដោយសេរី ពុំមានលិខិតឆ្លងដែន -PASSPORT និងការសុំវីសា-Visa ដូចយើងឃើញនេះ ពីព្រោះយោងទៅនិងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលកម្ពុជា-ថៃបានឯកភាពគ្នា ប្រើប្រាស់ផែនទីមាត្រដ្ឋាន១/២០០.០០០ (មួយលើពីររយពាន់) ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមានស្របតាមច្បាប់អន្ដរជាតិ គឺពុំមែនជាផែនទីដែលថៃគូសវាសដោយខ្លួនឯង ដែលគេហៅថា" ផែនទីចោរព្រៃ"នោះទ្បើយ។

បានសេចក្ដីថា ចំពោះប្រជាពលរដ្ឋថៃ អាចធ្វើដំណើរទស្សនាក្រុមប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី ដូចយើងឃើញសព្វថ្ងៃនេះព្រោះកម្ពុជារងចាំ ដំណើរការរឿងក្ដីពីតុលាការយុត្តិធម៌អន្តរជាតិ -ICJ តែប៉ុណ្ណោះ។

ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ស្ថិតក្នុងមហិច្ឆតាឈ្លានពានរបស់ថៃ មកលើទឹកដីប្រាសាទបុរាណខ្មែរនេះ ចំពោះការចេញមុខអះអាងយ៉ាងខែងរ៉ែងរបស់មេបញ្ជាការភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាតក្លាង- Boonsin Padklang ដែលបានអះអាងថា ក្រុមប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីថៃ នឹងឲ្យអ្នកទេសចរខ្មែរ ត្រូវអនុវត្តតាមបទប្បញ្ញត្តិដែលកំណត់ដោយកងទ័ពតំបន់២របស់ថៃ ឬយ៉ាងនេះយ៉ាងនោះ គឺជាសំដីច្រឡោងខាមនិងជារឿងដ៏គួរឲ្យអស់សំណើច។

ស្ថិតក្នុងន័យនេះ លោក រ័ត្ន សណ្ដាប់ បានចោទជាសំណួរទៅវិញថា ឧបមាប្រសិនបើទឹកដីប្រាសាទបុរាណខ្មែរ ក្រុមប្រាសាទតាមាន់ធំទាំងនេះ ស្ថិតក្នុងទឹកដីរបស់ថៃទៅចុះ! ហេតុអ្វីតាំងពីបឋមកាល រហូតមកដល់សព្វថ្ងៃ ប្រជាពលរដ្ឋកម្ពុជាអាចចេញ-ចូលដោយសេរីនៅលើទឹកដីប្រាសាទបុរាណនៅតំបន់មុំបី, ក្រុមប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, និងប្រាសាទតាក្របី ដោយពុំមានលិខិតឆ្លងដែន -PASSPORT និងការសុំវីសា -Visពីថៃ? តើមេទ័ពភូមិភាគ២របស់ថៃ សព្វថ្ងៃបានឃើញកងទ័ពខ្មែរ និងកងទ័ពថៃ ដែលបានឈរជើងនៅតំបន់ក្រុមប្រាសាទតាមាន់ធំទាំងនេះមានចំនួនស្មើៗគ្នាទេឬអ្វី? ឬមួយមេទ័ពភូមិភាគ២របស់ថៃរូបនេះ ដល់ថ្នាក់វង្វេងចំនួនកងទ័ពកម្ពុជាសព្វថ្ងៃ គឺជាកងទ័ពរបស់ថៃទៅវិញអស់ហើយ គឺដូចខ្លួនកំពុងតែវង្វេងផែនទី និងប្រវត្ដិសាស្រ្ដ មែនឬអ្វី?។ បើដូច្នេះមែន គួរមេទ័ពភូមិភាគ២របស់ថៃរូបនេះ ប្រញាប់ទៅពេទ្យដើម្បីព្យាបាលជំងឺសរសៃរប្រាសាទហើយ៕