រដ្ឋមន្ត្រីព័ត៌មានកម្ពុជា នឹងលាតត្រដាងពីគំនិតទុច្ចរិតរបស់សារព័ត៌មានថៃ ដែលប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បីបង្ខូចកិត្តិយសកម្ពុជា លើឆាកអន្តរជាតិចែករំលែកដល់រដ្ឋមន្ត្រីព័ត៌មាន និងអ្នកជំនាញព័ត៌មានមកពីទ្វីបអាស៉ី ឱ្យយល់ច្បាស់

21-07-2025 20:10

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជានឹងលាតត្រដាងពីគំនិតទុច្ចរិតរបស់សារព័ត៌មានថៃ ដែលបានប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បីបង្ខូចកិត្តិយស មុខមាត់របស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ មកចែករំលែកដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកជំនាញផ្នែកមកព័ត៌មានមកពីទ្វីបអាស៉ី ឱ្យបានយល់ច្បាស់។

ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីលោកបានបញ្ចប់ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថល របស់យុជន និងក្មេងស្រី ក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥ ជូនដល់យុវជន និងបណ្តាមន្ត្រីជំនាញផ្នែកព័ត៌មាន មកពីបណ្តាប្រទេសចំនួន២៦ នៅលើទឹកដីសៀមរាប-អង្គរ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ»។

ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា កម្ពុជា​ត្រូវ​ឆ្លើយ​តប​តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​ពិត អ្វី​ដែលជា​មូលដ្ឋាន​គ្រឹះ​ឱ្យ​ប្រជាពលរដ្ឋបាន​យល់​ដឹង ពិភពលោក​បាន​ឃើញថា តើ​អ្វីដែលភាគី​ម្ខាង​ទៀត​កំពុងតែ​ធ្វើ តើ​វា​យ៉ាង​មេច។

លោករដ្ឋមន្ត្រី ភក្ដ្រា បានគូសបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ យើងឃើញស្រាប់ហើយភាគីម្ខាងទៀត ដែលមានបញ្ហាជាមួយយើងហ្នឹង គឺតែងតែប្រើប្រាស់ព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយតាមបណ្តាញព័ត៌មានរបស់ខ្លួន បំភ្លៃ បំផ្លើស បំប៉ោងការពិត ក្នុងគោលគំនិតច្បាស់លាស់ ដើម្បីបំភ្លៃឱ្យពិភពលោកមានការយល់ច្រឡំពីប្រទេសកម្ពុជា។ យើងត្រូវការចាំក្នុងការឆ្លើយតប តាមរយៈការផ្តល់នូវព័ត៌មានពិត ឱ្យពិភពលោកបានឃើញថាតើអ្វីភាគីម្ខាងទៀត គេកំពុងតែធ្វើតើយ៉ាងម៉េច អ៊ឹចឹងបញ្ហានេះខ្ញុំនឹងត្រូវលើកយកមកចែករំលែកជាមួយបណ្តាប្រទេសផ្សេងៗទៀត ពីការសង្កេតប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បីបំផ្លាញមុខមាត់ ចោទប្រកាន់ដោយគ្មានមូលដ្ឋាន ប៉ុន្ដែ​យើង​បាន​ប្រើ​ប្រាស់​មធ្យោបាយ និង​ព័ត៌មាន​របស់​យើង​ឆ្លើយតបទៅវិញ​»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់អំពីការ​លើកយកចិត្ដ​ប្រធានបទនេះ​ក្នុង​កិច្ចប្រជុំ​កំពូល​ថា​ ​អ្វីដែល​ពិភពលោក​បាន​និងកំពុងតែ​ឃើញ​ថា តើនរណាដែល​កំពុងតែប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​កេង​ចំណេញ ឬ​ប្រើ​ប្រាស់​ជា​គោលបំណង​នយោបាយ។

លោករដ្ឋមន្រ្តី នេត្រ ភក្រ្តា បានបន្តថា អ្វីដែលយើងរំពឹងទុកបណ្តាប្រទេស ក្នុងតំបន់អាស៊ាន និងពិសេសក្នុងតំបន់អាស៊ីតែម្តងកាន់តែរួបរួមគ្នា ថែមទៀតក្នុងកិច្ច សហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់។ ត្រូវតែមានការចែករំលែករបស់ប្រទេសនីមួយៗក្នុងតំបន់ និងចែករំលែកដល់ប្រទេសផ្សេងៗ ទៀតបាន យកទៅអនុវត្ត ឬទាញយកទៅជាបទពិសោធន៍សម្រាប់ការអនុវត្តក្នុង កិច្ចការងាររបស់ខ្លួន។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ដោយឡែកចំពោះការទូតព័ត៌មាន ដែលក្រសួងព័ត៌មានកម្ពុជាបង្កើតឡើង គឺដើម្បីឱ្យបណ្តាប្រទេសនីមួយៗមានការយកចិត្តទុកដាក់ ហើយរួបរួមគ្នាក្នុងការរៀបចំនូវគោលនយោបាយ គំនិតផ្តួចផ្តើមគម្រោង និងការអនុវត្តផ្សេងៗដែលបម្រើឱ្យតំបន់ បម្រើឱ្យទ្វីបក្នុងអាស៊ី តែម្តងដែលធ្វើឱ្យបណ្តាប្រទេសនីមួយៗកាន់តែជិតស្និទ្ធឈានទៅដល់ការដោះស្រាយរួមគ្នា។

លោករដ្ឋមន្ត្រី នេត្រ ភក្ដ្រា បាន​បន្ថែមថា បណ្ដាប្រទេស​ទាំងអស់ ដែលមានចំនួន២៦​ប្រទេស នឹង​ឯកភាព​គ្នាលើយន្ដ​ការរួម​ទៅលើ​ការ​​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​​២.០ ដែល​ផ្ដោតលើ​ការ​វិវត្ដន៍​ថ្មីៗ​ក្នុង​សង្គម ជាពិសេសបញ្ញា​សិប្បនិម្មិត (AI) និង​បម្រើ​ផលប្រយោជន៍ ក៏ដូចជា​របៀប​វីរៈ​​នយោបាយ​។​ បញ្ហា​ទាំងនេះ​ត្រូវ​តែលុប​បំបាត់ និងផ្ដល់​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ដ ច្បាស់​លាស់ដែលមិន​ឱ្យ​ប្រជាពលរដ្ឋ​យល់​ច្រលំ ឬ​ដាក់​ការ​សង្ស័យ​លើ​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​៕