មេរាជអាវុធហត្ថខេត្តតាកែវ បេ្តជ្ញាអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams
21-07-2025 21:07
(តាកែវ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែកក្កដា និងលើកទិសដៅសម្រាប់សប្ដាហ៍បន្ត នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការផងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការប្ដេជ្ញាចិត្តក្នុងការអនុវត្តបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដោយមិនឲ្យកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តតាកែវឡើយ។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី សេង មហា ក៏បានធ្វើការផ្សព្វផ្សាយបទបញ្ជារបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams នៅក្នុងភូមិសាស្ត្រខេត្តតាកែវផងដែរ។
លោកបានណែនាំឲ្យប្រធានមន្ទីរទាំង៧ ពង្រឹងកម្លាំងដែលមានភារកិច្ចប្រចាំការលើ លេខពិសេសទាន់ហេតុការណ៍ (Hotline) ២៤ម៉ោងលើ២៤ម៉ោង សម្រាប់ទទួលព័ត៌មាន ឬពាក្យបណ្តឹងពីប្រជាពលរដ្ឋដោយផ្ទាល់ និងទាន់ពេលវេលា។ កម្លាំងទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ សារាចរណែនាំ និងបទបញ្ជានានា ព្រមទាំងបំពេញតួនាទីភារកិច្ចតាមឋានានុក្រម។ ពិសេស ត្រូវបន្តអនុវត្ត ផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ និងបង្ក្រាបរាល់បទល្មើស ដូចជា បទល្មើសគ្រឿងញៀន ការបង្ក្រាបក្មេងទំនើង ការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់។
លោកមេបញ្ជាការ ក៏បានសង្កត់ធ្ងន់លើការបន្តពង្រឹងទៅលើ កម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ការងារប្រចាំបញ្ជា ប្រចាំការ ការចូលរួមគោរពទង់ជាតិ និងការបន្តរក្សា សាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ៕