អភិបាលខេត្តកណ្ដាល សម្រួលចេញបណ្ណកម្មសិទ្ធិដីធ្លីចំនួន៦៩៥បណ្ណដល់ពលរដ្ឋ ដែលមានបញ្ហាជាមួយអ្នកលក់ដីឡូត៍ នៅស្រុកអង្គស្នួល

21-07-2025 21:10

(កណ្ដាល)៖ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៦៩៥ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋអតិថិជនទិញដីឡូត៍ ប៊ុន សុខ ស្ថិតនៅភូមិត្រាចទោល ឃុំបែកចាន អង្គស្នួល ខេត្តកណ្តាល ដែលពលរដ្ឋបានទន្ទឹមរង់ចាំជាយូរមកឆ្នាំមកហើយ ព្រោះតែឯកសារមានភាពស្មុគស្មាញ និងតិវិធីច្រើនដំណាក់កាល។

ស្ថិតនៅក្នុងឱកាសដែលពលរដ្ឋមកទទួលយកប័ណ្ណកម្មសិទ្ធិនៅការិយាល័យភូមិបាលស្រុកអង្គស្នួល នាថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ថូ សុខា ប្រធានភូមិបាលស្រុក បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល, ក្រុមការងារទាំងអស់បានខិតខំដោះស្រាយបញ្ហាវិវាទ និងឯកសារស្មុគស្មាញជាយូរឆ្នាំមកហើយនោះ បានសម្រេចចេញជាលទ្ធផលល្អយ៉ាងគាប់ប្រសើរ ដែលភាគីទាំង២ស្រុះស្រួលគ្នា និងសម្រេចចេញជាប្លង់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋដែកជាអតិថិជនគ្រប់ៗឡូត៍។

លោកបន្តថា ក្នុងឱកាសនេះប្រជាពលរដ្ឋដែលជាអថិជនឡូត៍ ប៊ុន សុខ ពិតជាមានភាពសប្បាយរីករាយ និងសូមគោរពអរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំងន្ត្រីរាជការក្រោមឱវាទទូទាំងខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ ជួយសម្រួល និងពន្លឿនក្នុងការចេញបណ្ណជូនប្រជាពលរដ្ឋ៕