វិភាគអន្តរជាតិ៖ ហេតុអ្វីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បោះដៃទៅរករុស្ស៉ី?
21-07-2025 21:12
(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានសម្រេចចិត្តមិនទៅចូលរួមកិច្ចប្រជុំកំពូល G7 កាលពីខែមិថុនាកន្លងទៅ ដើម្បីបំពេញទស្សនកិច្ច ទៅកាន់រុស្ស៉ីជាទីដែលលោក និងសមភាគីរបស់លោក គឺលោក វ្ល៉ាឌីមៀ ពូទីន បានឯកភាពគ្នាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ ជាផ្នែកមួយនៃខួបលើកទី៧៥ នៃទំនាក់ទំនងការទូតឥណ្ឌូណេស៊ី-រុស្ស៉ី ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក Prabowo មានន័យថារូបលោកសុខចិត្តបោះបង់ឱកាសជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាលើកដំបូងនៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសកាណាដា។ ដំណើរទស្សនកិច្ចរបស់លោក Prabowo ទៀតសោត ធ្វើឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចជាលើកទី៣ទៅកាន់រុស្ស៉ីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងរយៈពេល២ឆ្នាំ។
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែនកាលពីឆ្នាំ២០២២ ខណៈប្រកាន់យកជំហរអព្យាក្រឹតលើសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ ចាប់តាំងពីដើមឆ្នាំ២០២៤មក សេចក្ដីថ្លែងការណ៍ជាសាធារណៈនៃប្រទេសទាំង២ កាន់តែមានទំនោរគាំទ្ររុស្ស៉ី។
* ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី កំពុងថ្លឹងថ្លែងផលប្រយោជន៍
លោក Prabowo និងលោក Anwar ទំនងជាមានបំណងពង្រឹងគោលជំហរមិនចូលបក្សសម្ព័ន្ធតាមរយៈការបន្តធ្វើឱ្យមានតុល្យភាពនយោបាយការបរទេស ក្នុងនោះរួមមាន ទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី និងចិន។ នេះជាការលើកឡើងរបស់លោក Ian Storey ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី។ លោកបន្ថែមថាប្រទេសទាំង២នឹងធ្វើឱ្យមានតុល្យភាពនយោបាយការបរទេសបន្ថែមទៀត រួមមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយមូស្គូ បើទោះជាឱកាសសម្រាប់ ការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយរុស្ស៉ីមានការរឹតត្បិតខ្លាំងក៏ដោយ។ តាមវិទ្យាស្ថាន Lowy Institute មានមូលដ្ឋាននៅអូស្ត្រាលី ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់រុស្ស៉ីជាមួយបណ្ដាប្រទេសអាស៊ានបានកើនឡើងដល់កំណត់ត្រាថ្មីមួយ គឺ២២ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ ហើយទំនោរនៃកំណើននេះត្រូវបានរំពឹងថានឹងបន្ត។
ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី កំពុងស្វែងរកមធ្យោបាយដើម្បីពង្រីកពាណិជ្ជកម្ម ក្នុងនោះមានទាំងការនាំចូលអាវុធផងដែរ ហើយថាមពលជាវិស័យមួយដ៏សំខាន់នៃ កិច្ចសហប្រតិបត្តិការជាមួយរុស្ស៉ី។ ជាពិសេស ឥណ្ឌូណេស៊ីដែលនៅតែបន្តពឹងផ្អែកលើធ្យូងថ្មជាប្រភពនៃការផ្គត់ផ្គង់ថាមពល។
* ពង្រីកជម្រើសឱ្យកាន់តែទូលំទូលាយ
ខណៈបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ីគ្នេយ៍កំពុងសម្លឹងឃើញការចូលរួមក្នុងអង្គការពហុភាគី តួយ៉ាងជោគជ័យរបស់ថៃក្នុងការចូលរួមជាមួយអង្គការសម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) មានប្រទេសជាច្រើនផ្សេងទៀតកំពុងសម្លឹងចូលរួមជាមួយ BRICS (ប្រេស៊ីល, រុស្ស៉ី, ឥណ្ឌា, ចិន, អាហ្រិ្វកខាងត្បូង) ដែលជាអង្គការអន្តរជាតិមួយបានប្រែក្លាយខ្លួនទៅជាគូប្រជែងរបស់ G7។ ឥណ្ឌូណេស៊ីបច្ចុប្បន្នបានក្លាយជាសមាជិកផ្លូវការរបស់ BRICS ខណៈម៉ាឡេស៊ី ថៃ និងវៀតណាម ជាប្រទេសដៃគូ។ ក្រុមអ្នកវិភាគបាននិយាយថាម៉ាឡេស៊ី និងឥណ្ឌូណេស៊ីបានចាប់ផ្ដើមពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ីតាំងតែមុនលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា ឆ្នាំ២០២៥ ហើយគួបផ្សំនឹងរដ្ឋបាលលោក ត្រាំ បែរខ្នងដាក់ស្ថាប័នអន្តរជាតិ វាបានជំរុញឱ្យមេដឹកនាំប្រទេសក្នុងតំបន់អាស៊ីកាន់តែមើលឃើញថាពួកគេ មិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិកតទៅទៀតបានទេ និងជឿថាអនាគតនៃសណ្ដាប់ធ្នាប់អន្តរជាតិដឹកនាំដោយលោកខាងលិចអាចនឹងបិទបញ្ចប់ ក្នុងពេលដ៏ខ្លីខាងមុខ។ «ការផ្លាស់ប្ដូរនៅក្នុងរដ្ឋបាលអាមេរិក និងឱកាសដូចជាក្លាយជាសមាជិក BRICS បានផ្ដល់ឱ្យរដ្ឋាភិបាលម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នូវការលើកទឹកចិត្តបន្ថែមឱ្យបោះដៃទៅរក រុស្ស៉ី»។ នេះជាការលើកឡើងរបស់លោក Prashanth Parameswaran ជាសា្ថបនិកគេហទំព័រព័ត៌មាន ASEAN Wonk ។
* តើម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ចង់បានអ្វី?
តែទោះជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើម៉ាឡេស៊ី និងឥណ្ឌូណេស៊ីចង់ពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ីដល់កម្រិតណា ឬក៏ថាតើពួកគេនឹងភ្ជាប់ខ្លួនស៊ីជម្រៅ យ៉ាងណាជាមួយចក្ខុវិស័យរបស់រុស្ស៉ីចំពោះពិភពលោកនោះទេ ក្នុងបរិបទនៃភាពចំាបាច់ខាងភូមិសាស្ត្រនយោបាយ ដើម្បីធ្វើពិពិធកម្មទំនាក់ទំនងទ្វេភាគីរបស់ពួកគេ និងចៀសវាងការជាប់គាំងនៅក្នុងការប្រកួតប្រជែងឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិន។ នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសួរថាតើហេតុអ្វីលោកបដិសេធការអញ្ជើញ ឱ្យចូលរួមកិច្ចប្រជុំ G7 ដើម្បីធ្វើទស្សនកិច្ចទៅកាន់រុស្ស៉ីកាលពីខែមិថុនា លោក Prabowo បានឆ្លើយថា «កុំព្យាយាមស្មានច្រើនពេក...យើងចង់ធ្វើមិត្តជាមួយប្រទេសទាំងអស់»។ ប៉ុន្តែ សុន្ទរកថាក្នុងទីក្រុង St. Petersburg ចេញផ្សាយក្នុងអត្ថបទវិភាគមួយរបស់សារព័ត៌មាន Jakarta Post កាលពីដើមខែកក្កដានេះ ឥណ្ឌូណេស៊ី បានរិះគន់ សហរដ្ឋអាមេរិក ហើយកោតសរសើរចិន និងរុស្ស៉ី។
លោក Zachary Abuza ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ National War College ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថារុស្ស៉ីផ្ដល់គំរូដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏ព្រោះតែរុស្ស៉ីជាប្រទេសមួយអាចធ្វើសកម្មភាពដោយឯករាជ្យ ហ៊ានចាក់ភ្នែកលោកខាងលិច និងកំពុងព្យាយាមបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី មួយ។ ចំណែក លោកស្រី Bridget Welsh ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថាន Asia Research Institute Malaysia នៃសាកលវិទ្យាល័យ University of Nottingham បាននិយាយថាដំណើរទស្សនកិច្ចជាច្រើនលើករបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ទៅកាន់រុស្ស៉ីក្នុងពេល ២ឆ្នាំមកនេះបានបង្ហាញថាលោកចង់ឱ្យម៉ាឡេស៊ីមានតួនាទី ដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ ហើយណាមួយរុស្ស៉ីកំពុងមានប្រជាប្រិយភាពនៅក្នុងចំណោមប្រជាជនម៉ាឡេស៊ី ក៏ព្រោះតែគំនិតប្រឆាំងលោកខាងលិច ដែលប្រជាជនម៉ាឡេស៊ីជាច្រើនជឿថាជាអ្នកបង្កឱ្យសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។
គួរបញ្ជាក់ថា ការស្ទង់មតិចេញផ្សាយដោយវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងឆ្នាំ២០២៥នេះបានរកឃើញថាគំនិតប្រឆាំងលោកខាងលិចបានកើនឡើងនៅក្នុងចំណោម ប្រជាជនជាអ្នកកាន់សាសនាអ៉ីស្លាមដូចជានៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ហើយមួយផ្នែកធំគឺដោយសារតែការគាំទ្ររបស់លោកខាងលិចដល់សង្រ្គាមរបស់អ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា៕