ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា ចុះឈ្វេងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ របស់រដ្ឋបាលខេត្តស្ទឹងត្រែង
22-07-2025 09:11
(ស្ទឹងត្រែង)៖ ក្នុងចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥នេះ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងឈ្វេងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងវឌ្ឍនភាពការងារនិងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តស្ទឹងត្រែង។
កិច្ចប្រជុំពិភាក្សានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពល រដ្ឋទូទាំងខេត្តស្ទឹងត្រែង ។
លោកប្រធានគណៈប្រតិភូបានគូសបញ្ជាក់ថា គោលបំណងសំខាន់របស់គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភាពនាពេលនេះ គឺដើម្បីមកជួបសំណេះសំណាលសួរសុខទុកដល់ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និងឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខេត្តស្ទឹងត្រែង ។
ជាមួយគ្នានោះលោក ម៉ម ប៊ុននាង បានជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលនានារបស់ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភាតាមរយៈការអនុវត្តការងារជាអាទិភាពចម្បងចំនួនពីរគឺ៖ ទី១.ការលើកកម្ពស់ការទូតសភា និងទី២.ការជួប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ព្រមជាមួយការអនុវត្តមុខងារស្នូលទាំងបី គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។
ក្នុងឱកាសនោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងបានធ្វើសេចក្តីរាយការណ៍អំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្ម សេវាកម្ម សុខាភិបាល អបរំ និងជាពិសេសវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
លោកអភិបាលខេត្តបានបន្តគូសបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែង បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ច និងមុខងារទាំងឡាយរបស់ខ្លួន ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន។ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ រដ្ឋបាលខេត្តស្ទឹងត្រែងបានសហការ និងចូលរួមចំណែកផ្សព្វផ្សាយនូវខ្លឹមសារច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ លើកទឹកចិត្តឱ្យគ្រប់មន្ទីរ អង្គភាព ដាក់តាំងនូវបដាពាក្យស្លោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ បានធ្វើការអប់រំផ្សព្វផ្សាយខ្លឹមសារនៃច្បាប់ប្រឆាំងអំពើពុករលួយតាមទូរទស្សន៍ វិទ្យុ និងបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការ បានរៀបចំឱ្យមានប្រអប់សំបុត្រដើម្បីទទួលសំណូមពរ កង្វល់ និងបណ្ដឹងនានាពីសាធារណជន នៅតាមទីសាធារណៈ និងតាមទីតាំងខាងមុខមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងលើកទឹកចិត្ត និងជំរុញមន្ត្រីដែលជាប់កាតព្វកិច្ចធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមការកំណត់នៃច្បាប់ ដោយមានជនបង្គោលប្រឆាំងអំពើពុករលួយ និងមន្ត្រីជំនាញថ្នាក់ខេត្តជាអ្នកសម្របសម្រួល។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងារក្រោមការដឹកនាំរបស់ អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានធ្វើឱ្យខេត្តស្ទឹងត្រែង មានការរីកចម្រើនលើគ្រប់វិស័យ ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកប្រធានគណៈកម្មការ បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឱ្យបានកាន់តែទូលាយ ហើយត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសគឺការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងសមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។
យើងត្រូវរួមគ្នាបង្កើតមជ្ឈដ្ឋានមួយដែលធ្វើឱ្យមនុស្សមិនចង់ពុករលួយ មិនអាចពុករលួយ និងមិនហ៊ានពុករលួយ៕