លោក ខៀវ កាញារីទ្ធ សូមឆ្ងល់មួយទៀត, តើថៃបូជាជើងដៃកូនទាហាន ដើម្បីទម្លាក់ថ្មលើយោធាខ្មែរឬ?
22-07-2025 11:42
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិករដ្ឋសភាកម្ពុជា បានការងឿងឆ្ងល់ទៀតហើយជុំវិញការផ្ទុះមីនរបស់ទាហាន ថៃលើដីព្រំដែន របស់កម្ពុជា។ ចម្ងល់តបនឹងការលើកឡើងរបស់ថៃនាពេលនេះ លោក ខៀវ កាញារីទ្ធ បានលើកជាសំណួរថា ទាហានថៃ មិនដែលចូលសាលា ឬមួយគេបូជាជើងដៃកូនទាហានគេដើម្បីទម្លាក់ថ្មលើយោធាខ្មែរ?
ក្រោយហេតុការណ៍ផ្ទុះមីននោះ ថៃថា បានជាដឹងថាមីន ដាក់នេះជាមីនថ្មី ព្រោះមិនមានដើមអីថ្មីដុះលើទេ ពោល គឺវាល។ និយាយអញ្ចឹងប្រហែលបោកបានថៃដែលមិនស្គាល់សង្គ្រាម តែអ្នកដើរសង្គ្រាមបោកមិនបានទេ។
តាមរយៈទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ខៀវ កាញារីទ្ធ រំលេចសារទាំងស្រុងដូច្នេះ «សូមឆ្ងល់មែនទែនមួយទៀត! ថៃថា បានជាដឹងថា មីនដាក់នេះជាមីនថ្មីព្រោះមិនមានដើមអីថ្មីដុះលើទេ ពោល គឺវាល។ និយាយអ៊ីចឹង ប្រហែលបោកបានថៃ ដែលមិនស្គាល់សង្គ្រាម តែអ្នកដើរសង្គ្រាមបោកមិនបានទេ។ ពេលសង្គ្រាមបើកឡានលើផ្លូវកៅស៊ូ បើឃើញមានស្នាមកៅស៊ូថ្មី គេចៀសហើយ ព្រោះជាសញ្ញាបង្កប់មីនថ្មី ឯនៅក្នុងព្រៃដែលមានស្មៅ កូនឈើស៊ុបទ្រុប បើឃើញវាលមួយកូនដុំ ឬកូនស្មៅទើបលាស់ គេចៀសហើយ ព្រោះសុទ្ធតែសញ្ញាមីនកប់ថ្មី។ ឬមួយទាហានថៃមិនដែលចូលសាលា ឬ មួយគេបូជាជើងដៃកូនទាហានគេ ដើម្បីទម្លាក់ថ្មលើយោធាខ្មែរ?»។
កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅ លោក ខៀវ កាញារីទ្ធ ក៏បានបង្ហាញការងឿងឆ្ងល់លើការចោទរបស់ថៃពាក់ព័ន្ធការផ្ទុះមីននេះផងដែរ។ ចម្ងល់ពេលនោះត្រង់ថា ថៃមានដ្រូនសម្រាប់ស៊ើបការណ៍ និងកងទ័ពនៅពេញព្រៃ ហេតុអ្វីក៏មិនដឹងថាទាហានខ្មែរដាក់មីន?
សូមបញ្ជាក់ថា ពាក់ព័ន្ធការផ្ទុះមីននេះ ក្រសួងការបរទេសកម្ពុជា បានច្រានចោលរាល់ការចោទប្រកាន់របស់ថៃ។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ឧប្បត្តិហេតុនេះ កើតព្រោះតែទាហានថៃមិនគោរពកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ហើយរំលោភចូលដីកម្ពុជា ទើបជាន់មីនសល់ពីសម័យសង្គ្រាម៕