UPDATE: ប្រតិបត្តិការបង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញ (តំបន់C) ស្រុកអូររាំង ខេត្តមណ្ឌលគិរី ឃាត់ខ្លួនមនុស្ស១៤៩នាក់ ស្មើនឹង១៣សញ្ជាតិ, ដកហូតកុំព្យូទ័រ និងទូរស័ព្ទ ជាង១,៣០០គ្រឿង

22-07-2025 12:31

(មណ្ឌលគិរី)៖ ប្រតិបត្តិការរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញ (តំបន់C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ គឺឃាត់ខ្លួនបានមនុស្សចំនួន១៤៩នាក់ (ស្រី៣១នាក់) ស្មើនឹង១៣សញ្ជាតិ។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបន្ថែមនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា មនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំង១៤៩នាក់នោះរួមមាន៖

*សញ្ជាតិចិន ចំនួនម្នាក់
*សញ្ជាតិប៉ាគីស្ថាន ចំនួន៣៦នាក់
*សញ្ជាតិឥណ្ឌូនេស៉ី ចំនួន២៧នាក់
*សញ្ជាតិបង់ក្លាដេស ចំនួន១៦នាក់
*សញ្ជាតិវៀតណាម ចំនួន៩នាក់
*សញ្ជាតិឥណ្ឌា ចំនួន៨នាក់
*សញ្ជាតិថៃ ចំនួន៣នាក់
*សញ្ជាតិមីយ៉ាន់ម៉ា ចំនួន៣នាក់
*សញ្ជាតិកាមេរ៉ូន ចំនួន៣នាក់
*សញ្ជាតិនីហ្សេរីយ៉ា ចំនួន២នាក់
*សញ្ជាតិសេរ៉ាលីអូន ចំនួន២នាក់
*សញ្ជាតិយូហ្គាន់ដា ចំនួន៤នាក់។ ក្នុងចំណោមនោះមានលិខិតឆ្លងដែនចំនួន៣៣នាក់ និងគ្មានលិខិតឆ្លងដែនចំនួន៨១នាក់។

ដោយឡែក ជនជាតិខ្មែរ ចំនួន៣៥នាក់ (ស្រី១៤នាក់) បម្រើការងារជាអ្នកលក់ភេសជ្ជៈ សន្ដិសុខ អ្នកអនាម័យ និងអ្នកថែសួន។

សម្រាប់វត្ថុតាងដែលត្រូវបានដកហូតវិញ រួមមាន៖ កុំព្យូទ័រលើតុ ចំនួន៥៤១គ្រឿង, ទូរស័ព្ទដៃ ចំនួន៧៨៨គ្រឿង និងគ្រឿងបន្លាស់កុំព្យូទ័រ មួយចំនួនធំទៀត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្ដធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕