អ្នកឧកញ៉ា អាន ម៉ារឌី នាំយកអំណោយប្រគល់ជូននាយ ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ
22-07-2025 12:35
(ព្រះវិហារ)៖ អ្នកឧកញ៉ា អាន ម៉ារឌី អគ្គនាយកអានម៉ារឌី ហ្គ្រុប និងក្រុមគ្រួសារ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលើកទឹកចិត្ត និងនាំយកអំណោះជាគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ទៅប្រគល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍ពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។
នៅក្នុងពិធីប្តគល់ទទួលអំណោយនាឱកាសនោះ អ្នកឧកញ៉ា អាន ម៉ារឌី និងក្រុមគ្រួសារ សូមសម្តែងនូវការគោរព និងកោតសរសើរចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពកម្ពុជាទាំងអស់ ក្នុងបុព្វហេតុរក្សា ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។
អ្នកឧកញ៉ា ក៏បានថ្លែងការកោតសរសើរចំពោះបងប្អូនកងទ័ពកម្ពុជានៅជួរមុខទាំងអស់ដែលបានលះបង់សព្វបែបយ៉ាងដើម្បីការពារទឹកដី ប្រឆាំងជាមួយទ័ពឈ្លានពាន ហើយផ្តល់នូវសេចក្តីសុខឱ្យពលរដ្ឋខ្មែរទាំងអស់គ្នា នៅជួរខាងក្រោយ។ បើសិនជាគ្មានការលះបង់របស់កងទ័ពជួរមុខនោះទេ យើងខ្ញុំទាំងអស់គ្នានៅជួរក្រោយមិនអាចអង្គុយធ្វើការងារ ប្រកបរបររកស៊ី និងរៀនសូត្របាននោះទេ បើសិនជាគ្មានកងទ័ព ដ៏អង់អាចក្លាហានរបស់យើងនៅ ឈរកាន់អាវុធការពារទឹកដីបានរឹងមាំនោះទេ។
នៅថ្ងៃដដែលនោះដែរ អ្នកឧកញ៉ា អាន ម៉ារឌី និងក្រុមគ្រួសារ ក៏បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលើកទឹកចិត្ត និងនាំយកអំណោះជាគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ទៅប្រគល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខ កងពលតូចអន្តរាគមន៍លេខ៩ នៅមុំបី វរៈសេនាតូចនគរបាលការពារព្រំដែនលេខ១០៥ ទីបញ្ជាការទិសមុំ៣ របស់កងពលធំលេខ៣ បញ្ជាការស្រាលទិសយោធភូមិភាគ១ ប្រចាំមុំ៣ ទីបញ្ជាការកងពលលេខ ១២៨ ប្រចាំការមុំបី ប្រចាំទិសព្រះវិហារ។
នៅតាមបណ្តាអង្គភាពនានាចំណុះឱ្យទិសព្រះវិហារនីមួយៗ អ្នកឧកញ៉ា អាន ម៉ារឌី និងក្រុមគ្រួសារ សូមអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាឱងអស់ដែលឈរការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន ប្រឆាំងជាមួយកងទ័ពឈ្លានពានទឹកដីកម្ពុជា។ ខ្មែររួបរួម ខ្មែរខ្លាំង! ខ្មែរតែមួយ! យើងទាំងអស់គ្នានៅជាមួយបងប្អូនកងទ័ពជួរមុខគ្រប់កាលៈទេសៈ។
តាមរយៈនេះដែរ អ្នកឧកញ៉ា អាន ម៉ារឌី និងក្រុមគ្រួសារ សូមគោរពជូនពរ និង បួងសួងដល់អស់ទេវតា និងវត្ថុសក្កិសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទានពរជ័យដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់មារសត្រូវ និងសមរភូមិ។ យើងទាំងអស់គ្នាមានជំនឿជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ជឿជាក់លើសម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយបានដោយជោគជ័យ ហើយកម្ពុជាត្រៀមកំដរគ្រប់សេណារីយ៉ូទាំងអស់ ដែលថៃលេង មិនថាសមរភូមិការទូត សមរភូមិច្បាប់ សមរភូមិយោធា និងសមរភូមិព័ត៌មាន៕