ក្នុងជំនួបជាមួយសម្ដេចតេជោ, នាយកក្រុមហ៊ុនមីនេបៀ បង្ហាញអំពីគម្រោងថ្មីរបស់ក្រុមហ៊ុនដែលនឹងសម្ពោធជាផ្លូវការ នៅខេត្តពោធិ៍សាត់ នាចុងឆ្នាំនេះ (Video inside)
22-07-2025 13:09
(ភ្នំពេញ)៖ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ បានជម្រាបទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពីគម្រោងនៃការបើកសម្ពោធរោងចក្រធំមួយទៀត នៅខេត្តពោធិ៍សាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងបង្ហាញនូវផលិតផលចុងក្រោយរបស់ក្រុមហ៊ុន ដែលនឹងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារអន្តរជាតិ នៅឆ្នាំ២០២៦។
ការបង្ហាញយ៉ាងដូច្នេះ បានធ្វើឡើង ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឲ្យលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀ មីស្សុមី និងក្រុមការងារ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ជា ធីរិទ្ធ បានឲ្យដឹងថា ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយ ដែលបានទទួលជួបលោក YOSHIHISA Kainuma និងសហការី ជាថ្មីម្តងទៀត នៅក្នុងរយៈពេលនៃការទំនាក់ទំនងគ្នា អស់រយៈពេលជាង១០ឆ្នាំមកនេះ។ សម្តេចបានសង្កេតឃើញ ពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះក្រុមហ៊ុន ដែលបានធ្វើការពង្រីកខ្លួន ជាបន្តបន្ទាប់នៅកម្ពុជា។
នាឱកាសជំនួបនេះ លោក YOSHIHISA Kainuma បានគោរពថ្លែងអំណរគុណ និងជាកិត្តិយសដែលបានចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ សាជាថ្មី។ លោក YOSHIHISA Kainuma បានសម្តែងនូវការអបអរសាទរ ចំពោះសុខភាពដ៏មាំមួនរបស់សម្តេច និងគោរពថ្លែងអំណរគុណសម្តេច ដែលតែងបានជួយជ្រោមជ្រែង និងធ្វើឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ទទួលជោគជ័យ ក្នុងរយៈពេលជាង១៤ឆ្នាំមកនេះ តាំងពីពេលសម្តេច ធ្វើជានាយករដ្ឋមន្រ្តី។
ជាមួយនឹងការរីកចម្រើននេះ លោក YOSHIHISA Kainuma បានជម្រាបជូនសម្តេចអំពី គម្រោងនៃការបើកសម្ពោធរោងចក្រធំមួយទៀតនៅខេត្តពោធិ៍សាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងទន្ទឹមនឹងនេះ បានបង្ហាញនូវផលិតផលចុងក្រោយរបស់ក្រុមហ៊ុន ដែលនឹងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦។
ជាមួយគ្នានេះ លោក YOSHIHISA Kainuma បានលើកឡើងអំពី ផលប៉ះពាល់នៃការបិទច្រកព្រំដែនរបស់ថៃចំពោះដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោក ដូចជា ផលលំបាកនៃការដឹកគ្រឿងផ្គុំនៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានរំលឹកអំពី ប្រវត្តិនៃការចូលមកឈរជើងនៅកម្ពុជារបស់ក្រុមហ៊ុននេះជាលើកដំបូង ដែលនាពេលនោះមានក្រុមហ៊ុនផ្សេងៗ ចូលមកប្រកួតប្រជែងជាមួយ។ សម្តេចបានគូសបញ្ជាក់ពីគោលការណ៍នៃការស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគ ដោយក្រុមហ៊ុនណាមកមុន នឹងទទួលបានការស្វាគមន៍មុន មិនថាជាក្រុមហ៊ុនតូច ឬធំនោះទេ។
សម្តេច បានលើកឡើងដោយចង្អុលបង្ហាញថា នៅកម្ពុជា កម្រឃើញមានការទាត់ចោល ឬលុបចោលក្រុមហ៊ុនដែលបានចូលមកដំណើរការនៅកម្ពុជា មិនថាតូចឬធំនោះទេ។ គោលការណ៍នេះបានបង្កទំនុកចិត្តដល់វិនិយោគិននានាចំពោះបរិយាកាសវិនិយោគនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចបានសម្តែងនូវក្តីរីករាយដែលបានឃើញផលិតផលរបស់ក្រុមហ៊ុន ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ “ផលិតនៅកម្ពុជា” (Made in Cambodia)។
សម្តេចតេជោ បន្តថា ការពង្រីករោងចក្រនៅខេត្តពោធិ៍សាត់ គឺជាទិសដៅល្អ ដោយហេតុថាមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គីសនីគ្រប់គ្រាន់។
បន្ថែមពីលើនេះ សម្តេចបានជម្រាបជូនអំពី ឫសគល់ និងសកម្មភាពតាមអំពើចិត្តរបស់ថៃ ដែលធ្វើឱ្យមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ក៏បានលើកឡើងអំពី ការអំពាវនាវម្តងហើយម្តងទៀតទៅភាគីថៃថា កុំឱ្យបញ្ហានៅតំបន់ព្រំដែនមួយរីករាលដាលទៅតំបន់ផ្សេង និងពីវិស័យយោធា ទៅវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍។
ទោះជាយ៉ាងនេះក្តី ថៃមិនត្រឹមតែបានពង្រីកបញ្ហានេះនោះទេ និងថែមទាំងបានគំរាមកម្ពុជា ដូចជាបញ្ហាអគ្គិសនី អ៊ីនធឺណិត និងប្រេង ឧស្ម័ន និងថ្មីៗនេះ បញ្ហាការដើរជាន់មីនរបស់ទាហានថៃ។ នៅក្នុងន័យនេះ សម្តេចបានជម្រាបអំពីការប្រកាន់គោលជំហររួមរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបានគូសបញ្ជាក់ដោយស្នើឱ្យក្រុមហ៊ុនពាំនាំទៅភាគីថៃ នូវជំហររបស់កម្ពុជា ចំពោះការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ពោលគឺធ្វើយ៉ាងណាឱ្យស្ថានភាពវិលត្រឡប់ទៅរកមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។