សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អតីតនិស្សិតកម្ពុជា ដែលបណ្តុះបណ្តាលពីបរទេស បានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០
22-07-2025 14:01
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានកោតសសើរដល់សមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងរយៈកាលកន្លងមកនេះ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជួយគាំទ្រសមាជិកសមាគម នៅពេលដែលមានទុក្ខលំបាកនានា។ ហើយអតីតនិស្សិតកម្ពុជា ដែលបណ្តុះបណ្តាលពីបរទេសបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ការកោតសរសើរបែបនេះ របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យប្រតិភូសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ដែលដឹកនាំដោយលោក អ៊ុច លាង ប្រធានសមាគម ចូលជួបសម្តែងការគួរសម នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបនោះលោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម បានលើកឡើងពីវឌ្ឍនភាពការងាររបស់សមាគម ជូនសម្តេចបានជ្រាបជារបាយការណ៍ និងបានបញ្ជាក់អំពីតួនាទីរបស់សមាគម គឺជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសរណ៍ សេដ្ឋកិច្ច សុខាភិបាល ជាដើម។
ក្នុងនោះផងដែរ សមាគមបានបន្តដាក់ចេញទិសដៅ អនុវត្តការងារឆ្នាំ២០២៥ ដើម្បីបន្តអភិវឌ្ឍន៍សមាគមឱ្យកាន់ តែមានភាពរឹងមាំបន្ថែមទៀត ឱ្យស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបទប្បញ្ញត្តិ និងច្បាប់ដែលប្រទេសកម្ពុជាមានធរមាន សំដៅកសាងធនធានមនុស្សរបស់ប្រទេសជាតិ ប្រកបដោយគុណភាព និងមោទនភាពជាតិ។ កន្លងមកសមាគមបានលើកទឹកចិត្តឱ្យអតីតនិស្សិតសិក្សានៅប្រទេសវៀតណាម បន្តចូលរួមជាមួយសមាគមឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាពខ្ពស់សំដៅជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលអតីតនិស្សិតជួបប្រទះ ដើម្បីកសាងបានមហាគ្រួសារអតីតនិស្សិតសិក្សានៅប្រទេសវៀតណាមួយ ពោរពេញទៅដោយមូលធនមនុស្ស ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។
ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងនូវការកោតសសើរដល់លោក អ៊ុច លាង ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងរយៈកាលកន្លងមកនេះ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជួយគាំទ្រសមាជិកសមាគម នៅពេលដែលមានទុក្ខលំបាកនានា។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា ការបណ្តុះបណ្តាលធនធានមនុស្សបានក្លាយទៅជាអាទិភាពមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ក្នុងអាណត្តិទី៧ នៃរាជរាដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាច្រើនបាននឹងកំពុងអនុវត្ត ក្នុងការជំរុញកសាងធនធានមនុស្សគ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងកំណើនរីកចម្រើនយ៉ាង ឆាប់រហ័ស នៃសេដ្ឋកិច្ចសង្គមកម្ពុជានាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឱ្យលោក អ៊ុច លាង បន្តបង្កើនកិច្ចសហប្រតិបត្តិការរបស់សមាគមន៍បន្ថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ខ្លួន នៅត្រឹមឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងមន្រ្តីក្រោមឱវាទ សូមផ្ដល់កម្លាំងចិត្ត ដល់វីរកងទ័ពកម្ពុជានៅជួរមុខ ក្នុងបេសកកម្មការពារជាតិ និងសូមបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក មេត្តាប្រោសព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដីពីខ្មាំងសត្រូវ។
យើងខ្ញុំពីសមរភូមិក្រោយ សូមផ្តល់នូវកម្លាំងចិត្ត ជំនឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹងដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដី។