រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីដាំដើមឈើ និងចែកកូនឈើ អបអរទុក្ខទិវា៩កក្កដា និងអំពាវនាវពលរដ្ឋចូលរួមដាំដើមឈើទាំងអស់គ្នា
22-07-2025 14:32
(កំពង់ស្ពឺ)៖ ដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥ ថ្នាក់ជាតិ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំពិធីដាំឈើ និងចែកកូនឈើ នៅបរិវេណស្នាក់ការទ្វារទឹកស្ទឹងតូច ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ពិធីនេះមានការចូលរួមពីលោក កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, លោកបណ្ឌិ ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ, លោក លោកស្រីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ខណ្ឌរដ្ឋបាលព្រៃឈើជាសេនាធិការ និងអង្គភាពរដ្ឋបាលព្រៃឈើមូលដ្ឋានគ្រប់ថ្នាក់ រួមជាមួយអាជ្ញាធរ រដ្ឋបាលដែនដី ប្រម៉ាណជាង២,០០០នាក់ និងបានដាំកូនឈើ ចែកកូនឈើគ្រប់ប្រភេទប្រមាណ២,៥០០ដើម។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ឱកាសប្រារព្ធពិធីអបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥ នាពេលនេះបុណ្យរុក្ខទិវាបានចាប់កំណើតលើកដំបូងក្នុងប្រទេសកម្ពុជាយើង តាំងពីសម័យសង្គមរាស្ត្រនិយម នាទស្សវត្សទី៥០ ក្រោមព្រះរាជតំរិះផ្តួចផ្តើមរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជបិតាជាតិ ជាទីគោរពសក្ការៈនៃយើង ដែលកាលនោះព្រះអង្គបានឡាយព្រះហស្ថ លេខាលើព្រះរាជក្រឹត្យលេខ ៧៣៨ នស ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២ បង្កើតឲ្យមានពិធីបុណ្យជាតិ មួយហៅថា «បុណ្យរុក្ខទិវាជាតិ» ដែលត្រូវរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រតរៀងមក។
លោកបណ្ឌិត បានបន្តថា ពិធីបុណ្យរុក្ខទិវាដែលជាប្រពៃណីជាតិដ៏ថ្លៃថ្លានេះ ត្រូវបានអាក់ខានខណៈពេលដែលប្រទេសយើង បានធ្លាក់ក្នុងភ្លើងសង្គ្រាម ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ចន្លោះឆ្នាំ១៩៧៥-១៩៧៩។ ក្រោយថ្ងៃ រំដោះ ៧ មករា ១៩៧៩ ប្រទេសជាតិបានចាកចេញពីភាពខ្ទេចខ្ទាំដោយសារសង្គ្រាម ពិធីបុណ្យរុក្ខទិវា ត្រូវបានបង្កើតឡើងវិញ ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីលេខ ០៨ សសរ ចុះថ្ងៃទី ១២ មករា ១៩៩០ ដែលកំណត់យក ថ្ងៃទី៩ ខែកក្កដា រៀងរាល់ឆ្នាំក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងយោង តាមច្បាប់ស្តីពីព្រៃឈើ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/ ០៨០២/០១៦ ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០០២ ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ កក្កដា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។
លោកបណ្ឌិតអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ឹងម៉ាត់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិបានចាប់ផ្តើម បោះជំហានទៅកាន់ការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រៃឈើក៏ត្រូវបាន ទោះវិស័យព្រៃឈើក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ជំរុញការអនុវត្តកម្មវិធីព្រៃឈើជាតិមានដូចជា៖ ការកំណត់ព្រំប្រទល់ព្រៃឈើ ការអភិរក្សធនធានព្រៃឈើ និងជីវជម្រុះ ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ កម្មវិធីសហគមន៍ព្រៃឈើ និងការផ្សព្វផ្សាយជាដើម ដើម្បីចូលរួមចំណែកក្នុងការស្តារវិស័យព្រៃឈើ និងអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត ជាំម ច័ន្ទសោភ័ណ បានអំពាវនាវឲ្យពលរដ្ឋគ្រប់រូបនាំគ្នាស្រឡាញ់ព្រៃឈើ និងបន្តនាំគ្នាដាំកូនឈើឡើងវិញ ជាងសមត្ថកិច្ចជំនាញត្រូវសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្ត្រឲ្យសកម្ម និងមិនអនុគ្រោះដាច់គ្រប់ទង្វើគប់គិតគ្នាបំផ្លាញធនធានធម្មជាតិផងដែរ៕