ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀន
22-07-2025 14:33
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់។
ជនសង្ស័យទាំង៣នាក់នោះ រួមមាន៖
១៖ ឈ្មោះ ឡុង ហុង ហៅង៉ោល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ (រក្សាទុក និងប្រើប្រាស់),
២៖ ឈ្មោះ សើរ វឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់),
៣៖ ឈ្មោះ បាក់ ចិត្ត ហៅ និត ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។
ក្នុងប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដោយបានចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន១កូនថង់កិប ទម្ងន់០.៣១ក្រាម, ទូរស័ព្ទ១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀន មករក្សាទុកសម្រាប់ប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕