សិស្សកម្ពុជាដណ្តើមបានមេដាយ ៤០គ្រឿង និងពានជើងឯកពិភពលោកចំនួន៥ ពីការប្រកួតប្រជែងសមត្ថភាពភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក

22-07-2025 14:44

(ភ្នំពេញ)៖ វិស័យអប់រំនៅកម្ពុជា មានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានកូនសិស្សកម្ពុជាជាច្រើន បានចេញទៅធ្វើការប្រកួតប្រជែងសមត្ថភាព នៅលើឆាកអន្តរជាតិ និងបានត្រឡប់មកមាតុភូមិវិញប្រកបដោយមោទនភាព, ជាក់ស្តែងថ្មីៗនេះកូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Competition ជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ធ្វើឡើងនៅសហរដ្ឋអាមេរិក មានកូនសិស្ស ៣០០នាក់ មកពី ២២ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះកូនសិស្សកម្ពុជា ២០នាក់ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងដណ្តើមពានជើងឯកពិភពលោកចំនួន ៥ និងមេដាយ ៤០គ្រឿង។

លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែងវិញ កូនសិស្សឈ្មោះ ហុង ធនសក្តា បានឱ្យដឹងថា ជាបទពិសោធន៍លើកទី១ ដែលរូបគេបានទៅចូលរួមប្រកួតនៅក្រៅប្រទេស ហើយក៏ទទួលបានលទ្ធផលលើកពីការរំពឹងទុកផងដែរ។ ខណៈមុនឈានទៅប្រកួត និងដណ្តើមបានជោគជ័យយ៉ាងដូចនេះ រូបគេបានខិតខំមើល មេរៀនជារៀងរាល់ថ្ងៃ ហើយអ្វីដែលមិនភ្លេចនោះ គឺការមើលវីដេអូដែលនិយាយជាភាសាអង់គ្លេស ដើម្បីពង្រឹងសមត្ថភាពស្តាប់ និងការចង់ចាំឱ្យបានច្រើន។

យុវជន ហុង ធនសក្តា បានបន្ថែមថា ឆ្លងកាត់ការប្រកួតប្រជែងនៅក្រៅប្រទេសនេះ សបញ្ជាក់យ៉ាងច្បាស់ថា កូនខ្មែរយើងពិតជាមានសមត្ថភាព ក្នុងការចូលរួមប្រកួតជាមួយសិស្សបរទេសដូចគ្នា នៅពេលដែលយើងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯង ឱ្យបានខ្លាំងពូកែ និងបញ្ចេញសមត្ថភាពឱ្យបានល្អ នោះនឹងទទួលបានជោគជ័យ។

ជាមួយគ្នានោះសិស្សផ្សេងទៀតដែលបានទៅប្រកួតឈ្មោះ យ៉ុន ស៊ុយរ៉ានី ដែលបានទៅចូលរួមប្រកួតដណ្តើមបាន ពាន២ មេដាយមាស២ មេដាយប្រាក់ ១ និងដណ្តើមបានលេខ ៣ ផងនោះ បានបញ្ជាក់ដែរថា​ មុនពេលទៅចូលរួមប្រកួត ពួកគេបានខិតខំពង្រឹងសមត្ថភាព តាមរយៈការត្រៀមពង្រឹង សមត្ថភាពលើការនិយាយជាសាធាណៈ អានសៀវភៅ និងមុខវិជ្ជាផ្សេងៗជាភាសាអង់គ្លេស និងពង្រឹងភាពក្លាហានបន្ថែមទៀត។

ជាមួយគ្នានោះ យុវតី យ៉ុន ស៊ុយរ៉ានី និង សាយ វីរលក្ស្មី ក៏បានលើកទឹកចិត្តសិស្សប្អូនជំនាន់ក្រោយ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងមានភាពក្លាហ៊ានក្នុងការចូលរួមប្រកួតប្រជែង ដែលមានលក្ខណៈលំដាប់ថ្នាក់ពិភពលោក ដើម្បីបានបង្ហាញសមត្ថភាពឱ្យបរទេសបានឃើញ ពីសមត្ថភាពរបស់កូនខ្មែរ ដែល ជាក់ស្តែងកូនខ្មែររាល់ពេលចូលរួមប្រកួតប្រជែងនៅក្រៅប្រទេស តែងតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ផងដែរ។

បើតាមលោក គង់ សាលីមីន អ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd បានឱ្យដឹងដែរថា កម្មវិធី Teeneagle Competition គឺជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេស ដែលបានធ្វើការប្រកួតលើវិញ្ញាសារ Speaking Debate, spelling bee, writing and knowledge quiz ដែលមានកូនសិស្សចូលរួមប្រកួតចំនួន ៣០០នាក់ មកពី ២២ប្រទេសចូលរួម ហើយសម្រាប់កូនសិស្សខ្មែរមានចំនួន ១០នាក់។

លោក គង់ សាលីមីន បានបន្ថែមថា តាមរយៈនៃការចូលរួមការប្រកួតពានរង្វាន់ជើងឯកពិភពលោក នៅសហរដ្ឋអាមេរិក នាពេលនេះ បានបង្ហាញឱ្យឃើញថា សិស្សកម្ពុជា ពិតជាមានសមត្ថភាពខ្លាំងពូកែគួរកត់សម្គាល់ បើធៀបនិងសិស្សអន្តរជាតិមកពីបណ្តាលប្រទេសផ្សេងៗ ជាក់ស្តែងសិស្សកម្ពុជាដែល បានចូលរួមប្រកួតប្រជែង ពួកគាត់ដណ្តើមបានមេដាយ មាស ប្រាក់ និងសំរិទ្ធ មានចំនួនសរុប ៤០គ្រឿង និងទទួលបានពានជើ ឯកពិភពលោកចំនួន ៥ នៅក្នុងការប្រកួតប្រជែង ដែលមានសិស្សអន្តរជាតិសរុបជិត ៣០០ នាក់ មកពីបណ្តាប្រទេសចំនួន ២២ នៅលើពិភពលោក។

សូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការវិវឌ្ឍន៍តទៅមុខ គឺឈរលើវិថីអភិវឌ្ឍប្រកដោយគុណភាព និងចីរភាព ក្នុងនោះសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការអប់រំក្នុងប្រព័ន្ធ, ក្រៅប្រព័ន្ធ និងមិនផ្លូវការ, ការអភិវឌ្ឍឧត្តមសិក្សា និងស្រាវជ្រាវ, ការអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា, ការអភិវឌ្ឍជំនាញបច្ចេកទេស ជំនាញទន់ និងសហគ្រិនភាពសម្រាប់យុវជន និងការគាំទ្រសេវាអប់រំនិងអភិបាលកិច្ចល្អ៕