រដ្ឋមន្ត្រីក្រសួងការងារ ស្នើពិភាក្សាឱ្យបានផុលផុសចំពោះសេចក្ដីព្រាង «គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥» ដើម្បីឱ្យស្របនឹងពិពិធកម្មសេដ្ឋកិច្ច និងការរីកចម្រើននៃបច្ចេកវិទ្យា
22-07-2025 14:53
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើភាគីពាក់ព័ន្ធដែលរៀបចំសេចក្ដីព្រាង «គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥» ពិភាក្សាគ្នាឱ្យបានផុសផុលលើតម្រូវការធ្វើពិពិធកម្មសេដ្ឋកិច្ច ការរីកចម្រើននៃបច្ចេកវិទ្យា ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចចក្រា កម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងការចាកចេញរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
ការលើកឡើងនេះនៅក្នុងឱកាសដែល លោករដ្ឋមន្រ្តី ហេង សួរ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង «គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥» ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានបញ្ជាក់ពីភាពសំខាន់នៃ «គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥» ព្រោះគោលនយោបាយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកជាមួយនឹងគោលនយោបាយជាតិផ្សេងៗទៀត រួមទាំងយុទ្ធសាស្រ្តបញ្ចកោណគ្រប់ដំណាក់កាល ដែលពាក់ព័ន្ធជាមួយគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ បានធ្វើឱ្យសេដ្ឋកិច្ច បានធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈ និងពិភពការងារនៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ ដែលបម្រើឱ្យផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក។
លោករដ្ឋមន្រ្តី បានលើកឡើងថា សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះ នឹងមានដាក់ចេញនូវយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការពិនិត្យតាមដាន និងវាយតម្លៃជូនដល់អង្គភាពពាក់ព័ន្ធក្នុងការអភិវឌ្ឍវិស័យមុខរបរ និងការងារសម្រាប់រយៈពេល ១០ឆ្នាំខាងមុខ ក្នុងចក្ខុវិស័យបង្កើតកម្លាំងពលកម្មដែលមានភាពប្រកួតប្រជែង បរិយាបន្ន និងកម្លាំងពលកម្មដែលត្រៀមសម្រាប់ការងារនាពេលអនាគត តាមរយៈការអប់រំ ការសិក្សាពេញមួយជីវិត និងប្រព័ន្ធទីផ្សារការងារដ៏រឹងមាំ ការពង្រឹងស្ថាប័ន និងបទប្បញ្ញត្តិទីផ្សារការងារ ក៏ដូចជាការគាំទ្រ និងការពារពលករទេសន្តរប្រវេសន៍ ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងឱកាសនៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា តាមរយៈប្រព័ន្ធព័ត៌មានទីផ្សារការងារដ៏រឹងមាំ សមភាពយេនឌ័រ និងបរិយាបន្នសង្គម។
ជាមួយគ្នានេះ លោក ទុន សុភ័ណ អ្នកសម្របសម្រួលរបស់អង្គការអន្តរជាតិខាងការងារ (ILO) បានគាំទ្រអនុសាសន៍របស់លោករដ្ឋមន្រ្តី និងថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែផ្ដល់កិច្ចសហការល្អជាអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះឱ្យមានដំណើរការល្អ។
បន្ថែមពីនេះ លោក ទុន សុភ័ណ បានបន្តទៀតថា គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះ នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាក្របខ័ណ្ឌឆ្ពោះទៅមុខ ដែលស្របតាមបរិបទសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ដែលកំពុងរៀបចំខ្លួនសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩៕