អភិបាលខេត្តប៉ៃលិន ស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នាឱ្យបានស្អិតរមួត ក្នុងការគ្រប់គ្រងវត្តមានជនបរទេស និងចូលរួមយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
22-07-2025 15:00
(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការផ្តល់ទិន្ន័យ និងវត្តមានចេញ-ចូល ស្នាក់នៅរបស់ភ្ញៀវជនបរទេស ដល់អាជ្ញាធរដែនដី និងមន្រ្តីជំនាញ ក្នុងការគ្រប់គ្រងវត្តមាន ជនបរទេស ឱ្យបានច្បាស់លាស់ ដោយធានាអ្នកទាំងនោះមកស្នាក់នៅក្នុងខេត្តប៉ៃលិន ស្របច្បាប់ មិនជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋ និងមកជ្រកកោនប្រកបរបរឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងទីតាំងចែកចាយគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
ការស្នើបែបនេះរបស់លោកស្រីបណ្ឌិតអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេស និងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់ម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តប៉ៃលិន។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា បងប្អូនដែលជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ដែលមកប្រជុំនាពេលនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយពីខ្លឹមសារនៃការគ្រប់គ្រង វត្តមានជនបរទេស ដើម្បីធានាបានថា ជនបរទេសដែលស្នាក់នៅទីតាំងអាជីវកម្មរបស់បងប្អូន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស មិនរត់គេចមកលាក់ខ្លួន មិនពាក់ព័ន្ធបទល្មើសឧក្រិដ្ឋ និងលួចលាក់ធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយត្រូវចៀសវាងការផ្សំគំនិតបិទបាំងបទល្មើស ឬលាក់បាំងជនបរទេសស្នាក់នៅប្រព្រឹត្តបទល្មើសខុសច្បាប់ នៅទីតាំងដែលខ្លួនបានជួល។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់អាជ្ញាធរខេត្តប៉ៃលិន ពិតជាគាំទ្រចំពោះការបើកអាជីវកម្ម វិនិយោគទុនបរទេស និង ប្រជាពលរដ្ឋខ្មែរ ស្របច្បាប់គ្រប់ប្រភេទ តែក៏មិនចង់ឃើញ មានការអនុវត្តខុសច្បាប់ ដូចជាការជួលទីតាំងអាជីវកម្ម បើកជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទីតាំងចែកចាយគ្រឿងញៀន ឬលាក់បាំងជនបរទេសខុសច្បាប់នោះទេ ហើយដើម្បីឱ្យម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលរួចផុតទោសទណ្ឌនៃផ្លូវច្បាប់ ខណៈមានជនបរទេសមកជួលស្នាក់នៅ ត្រូវរាយការណ៍តាមប្រព័ន្ឋ FPCS ដែលជាប្រព័ន្ឋគ្រប់គ្រងទិន្នន័យស្នាក់នៅ របស់ជនបរទេស «ទាំងអ្នកស្នាក់នៅចាស់ និងអ្នកចំណូលថ្មី» ត្រូវគ្រប់គ្រងឯកសាររដ្ឋបាល ប្រវត្តអ្នកស្នាក់នៅ ហើយផ្តល់ទិន្ន័យដល់ជំនាញអាជ្ញាធរជំនាញ ជៀសវាងមានករណីខុសច្បាប់ ឬ មានបទល្មើសកើតឡើង គឺម្ចាស់អាជីវកម្មជួល នឹងអាចប្រឈមមុខចំពោះផ្លូវច្បាប់៕