កម្ពុជាដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រកាសស្តីពី ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដោយមានការគាំទ្រពីអូស្ត្រាលី

22-07-2025 15:09

(ភ្នំពេញ)៖ មូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយនឹងអូស្ត្រាលី កាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយជាសាធារណៈអំពីការដាក់ឱ្យអនុវត្ត ប្រកាសស្ដីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ និងគោលការណ៍ណែនាំស្ដីពីទ្រព្យសកម្មមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពរបស់ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ន.ម.ក. និង លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីសិក្ខាសាលានេះ ជាព្រឹត្តិការណ៍នៃដាក់ឱ្យអនុវត្តជាផ្លូវការនូវបទប្បញ្ញត្តិថ្មីមួយ ដែលអនុញ្ញាតឱ្យសហគ្រាសសាធារណៈ និងឯកជន អាចប្រមូលដើមទុនរយៈពេលវែង សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការបោះផ្សាយមូលបត្របំណុល ដែលជាជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចប្រកបដោយភាពធន់ជាងមុន។

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ន.ម.ក. បានរៀបចំប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ។ ប្រកាសនេះ កំណត់នូវក្របខណ្ឌបទប្បញ្ញត្តិច្បាស់លាស់សម្រាប់ការបោះផ្សាយមូលបត្របំណុល ដើម្បីផ្តល់ហិរញ្ញប្បទានលើគម្រោងសាងសង់ផ្លូវថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ជាសេវាកម្មសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។

ឯកអគ្គរដ្ឋទូត ដេរិក យីប បានមានប្រសាសន៍ថា «ប្រទេសអូស្ត្រាលីកំពុងជួយប្រទេសកម្ពុជា អភិវឌ្ឍទីផ្សារមូលធនរបស់ខ្លួន។ ប្រកាសនេះ ជាជំហានដ៏សំខាន់ ក្នុងការពង្រីកមធ្យោបាយក្នុងការកៀរគរហិរញ្ញវត្ថុ ដើម្បីផ្តល់មូលនិធិលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាត្រូវការ ដើម្បីជំរុញការរីកចម្រើនប្រកបដោយបរិយាបន្ន ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ច។ នេះជាមធ្យោបាយមួយទៀត ដែលយើងកំពុងរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាស្របតាមអាទិភាពដែលបានគូសបញ្ជាក់នៅក្នុង ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្ត្រាលីនិងកម្ពុជា ឆ្នាំ២០២៥-២០២៩»

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីហេដ្ឋារចនាសម្ព័ន្ធជាតិកម្ពុជា (២០២៣-២០៣៣) បានកំណត់អំពីតម្រូវការហិរញ្ញប្បទានប្រមាណជា ៣៦ ពាន់លានដុល្លារអាមេរិក។ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រកាសនេះ នឹងក្លាយជាច្រកមួយដែលអនុញ្ញាតឱ្យវិនិយោគិនធ្វើការផ្តល់ហិរញ្ញប្បទាន តាមរយៈទីផ្សារមូលបត្ររបស់កម្ពុជា។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា «វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាឆ្អឹងខ្នង និងសសៃឈាមដ៏សំខាន់ ដែលមិនអាចប្រកែកបាន ក្នុងការផ្សារភ្ជាប់សកម្មភាពសេដ្ឋកិច្ច-សង្គមទាំងអស់ ហើយបានក្លាយជាកាតាលីករចម្បងក្នុងការជំរុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់យើង ដែលជាសសរស្តម្ភដ៏សំខាន់ដែលមិនអាចមើលរំលងបាន។ ក្នុងបរិបទនេះ ការដាក់ឱ្យអនុម័តប្រកាសនេះគឺស្របនឹងអាទិភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ»

លោកបានបន្ថែមថា «សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើពិពិធកម្មឧបករណ៍ហិរញ្ញវត្ថុបន្ថែមពីលើមធ្យោបាយកៀរគរហិរញ្ញវត្ថុបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏សង្កត់ធ្ងន់លើជម្រើសហិរញ្ញវត្ថុប្រកបដោយចីរភាពផងដែរ។ បន្ថែមពីនេះ ប្រកាសនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុតាមវិធីសាស្រ្តចម្រុះ ដែលអនុញ្ញាតឱ្យពួកគេប្រមូលដើមទុនប្រកបដោយប្រសិទ្ធភាពជាងមុន។ ជាលទ្ធផល គំនិតផ្តួចផ្តើមនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍជាតិ ជាពិសេសនៅក្នុងវិស័យអាទិភាព និងគម្រោងប្រកបដោយចីរភាព»

ជាមួយនឹងបទប្បញ្ញត្តិដែលមានជាធរមាននេះ កម្ពុជាបានចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ដូចជា ប្រទេសវៀតណាម និងប្រទេសឥណ្ឌូណេស៊ី ក្នុងការទាញយកអត្ថប្រយោជន៍ពីសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រមូលមូលនិធិរាប់ពាន់លានដុល្លារក្នុងការផ្តល់ហិរញ្ញប្បទានរយៈពេលវែង។ ប្រកាសនេះនឹងបង្កើតឱ្យមានយន្តការផ្តល់ហិរញ្ញប្បទានស្រដៀងគ្នា បង្កើនទំនុកចិត្តវិនិយោគិន និងគាំទ្រការអភិវឌ្ឍរយៈពេលវែងប្រកបដោយចីរភាព។

ប្រកាសនេះ មាន ៧ជំពូក និង ២៥ប្រការ ដែលបានកំណត់យ៉ាងច្បាស់លាស់អំពីលក្ខខណ្ឌ និងនិតិវិធីនៃការបោះផ្សាយ ព្រមទាំងកាតព្វកិច្ចក្រោយការបោះផ្សាយសម្រាប់ក្រុមហ៊ុនបោះផ្សាយមូលបត្រ ខណៈគោលការណ៍ណែនាំកំណត់អំពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ។

ចាប់តាំងពីការបោះផ្សាយមូលបត្ររដ្ឋលើកដំបូងរបស់កម្ពុជា នៅឆ្នាំ ២០២២ ទីផ្សារមូលធនក្នុងស្រុកប្រមូលបានជាង៤១៧,៤៦ លានដុល្លារអាមេរិក តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម ដែលបង្ហាញពីការកើនឡើង នៃចំណាប់អារម្មណ៍របស់វិនិយោគិនមកលើទីផ្សារមូលបត្រកម្ពុជា។ ប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធនេះ នឹងបន្តជំរុញសន្ទុះនេះ ដោយបង្កើតនូវបណ្តាញវិនិយោគ ដែលស្របជាមួយនឹងអាទិភាពអភិវឌ្ឍន៍ដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា៕