ថ្នាក់ដឹកនាំខេត្តរតនគិរី នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន២០ក្នុងខេត្ត
22-07-2025 15:20
(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន២០ ក្នុងខេត្ត។ ពិធីប្រគេនធ្វើឡើងនៅ វត្តសីម៉ាសុណ្ណគិរី ហៅវត្តអូរយ៉ាដាវ ស្ថិតក្នុងស្រុកអូរយ៉ាវ ខេត្តរតនគិរី។
ទេយ្យទានដែលរដ្ឋបាលខេត្តរតនគិរី បានប្រគេនជូនវត្តទាំង២០ ក្នុង១វត្តៗ ទទួលបាន អង្ករ៥០គីឡូក្រាម, អំបិល១០គីឡូក្រាម, ទឹកស៊ីអ៊ីវ៣យួរ, ទឹកត្រី៣យួរ, ប្រេងឆាដបធំ៥លីត្រ, ទៀនព្រះវស្សា១គូរ, ប៊ីចេង២គីឡូក្រាម, ថវិកាសម្រាប់កសាង១៥ម៉ឺនរៀល, ទឹកបរិសុទ្ធ២០កេស, មី ១កេសធំ, ទឹកក្រូច១កេស និងខ្ទឹមស១គីឡូក្រាម។
ក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានពាំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្ដេច តែងតែមានការព្រួយបារម្ភ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃព្រមទាំង ពុទ្ធបរិស័ទទាំងអស់ និងសូមប្រគេនពរ ជូនដល់ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចកីសុខ សេចកីចម្រើន សុខភាពល្អ និងអាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងការកសាងវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់ រដ្ឋ និងកសាងអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។
លោកបន្តទៀតថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងសង្គមកម្ពុជាយើង តាមរយៈការអប់រំសីលធម៌ការសិក្សាអប់រំ និងការប្រណិប័តន៍របស់ប្រជាពលរដ្ឋ ដែលជាពុទ្ធសាសនិកនៅតាមទីវត្តអារាមនានា ដែលជាកន្លែងសម្រាប់ការសិក្សាអប់រំ របស់យុវជនមកពីជនបទ និងនៅតាមទីក្រុងផងដែរ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំមិនថាពុទ្ធបរិស័ទ ឬសប្បុរសជន និងអាជ្ញាធរ តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា។ ក្នុងរយៈពេលគង់ចាំព្រះវស្សារ អស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ គឺជាពេលវេលាមួយយ៉ាងសំខាន់ សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សា រៀនសូត្រ នូវធម៌វិន័យ របស់ព្រះសម្មាសាម្ពុទ្ធ ដោយប្រើប្រាស់នូវពន្លឺភ្លើងទានវស្សានេះ ទៅដុតបំភ្លឺមើលគម្ពីរព្រះត្រៃបិដក និងបូជាថ្វាយដល់ព្រះគុណ ព្រះរតនត្រ័យ៕