ឧបនាយករដ្ឋមន្ត្រី ស សុខា សម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ អគារវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ

22-07-2025 15:56

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អគារវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា អគារអភិវឌ្ឍន៍សហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ បានសាងសង់ឡើងក្នុងគម្រោងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្រោមការផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង ដោយមានការគាំទ្រពីលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានបង្កើតឡើងជាគម្រោង លើកទី១នៅកម្ពុជា។

អគារវិទ្យាស្ថាននេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ និងបានបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ មានរយៈពេលសាងសង១២ខែ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្រាប់បណ្តុះបណ្តាល សហគ្រិនភាពដល់យុវជន សិស្ស-និស្សិត ទាំងកំពុងសិក្សា និងក្រោយ បញ្ចប់ការសិក្សា និងផ្តល់ឱកាសឲ្យនិស្សិតបានហាត់ការអំពីការធ្វើអាជីវកម្ម ក្រោមការណែនាំពីសាស្ត្រាចារ្យ និងអ្នកជំនួញមានបទពិសោធន៍ខ្ពស់មុននឹងចេញទៅប្រកបអាជីវកម្មដោយខ្លួនឯង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឲ្យទៅជាកាពិត ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឧស្សាហកម្ម សហគ្រាស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកអភិសន្តិបណ្ឌិត ស សុខា មានអនុសាសន៍ផ្តាំផ្ញើថា «ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាការប្តេជ្ញារួមគ្នា ដើម្បីវិនិយោគលើសហគ្រិនជំនាន់ថ្មីនៅកម្ពុជា។ តាមរយៈកម្មវិធី សហគ្រិនមហាវិទ្យាល័យ យើងសម្រួចអនាគតរបស់និស្សិតសាកលវិទ្យាល័យរបស់យើង និងប្រែក្លាយគំនិតឲ្យទៅជាឱកាស តាមរយៈការសាកល្បងធ្វើអាជីវកម្ម និងដោះស្រាយបញ្ហា»

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ទីជិតឆ្ងាយដែលបានចូលរួមចំណែកជាថវិការផ្ទាល់ខ្លួន ក្នុងការជួយកសាងអគារផ្សេងៗ នៅក្នុងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារនេះឡើង ដើម្បីទុកជាប្រវត្តិសាស្ត្រដល់ក្មេងជំនាន់ក្រោយ និងជាកន្លែងបណ្ដុះធនធានចំណេះដឹងដល់យុវជនគ្រប់ជំនាន់ទាំងអស់ នៅក្នុងស្រុកកំចាយមារនេះ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកកំចាយមារ ក៏ដូចជាស្រុកដទៃទៀត ដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ អាចទទួលបាននូវចំណេះដឹងគ្រប់ៗគ្នា៕