ក្រសួងផែនការ និងរដ្ឋបាលខេត្តបាត់ដំបង បើកសិក្ខាសាលាស្ដីពីការជំរុញប្រើប្រាស់ទិន្នន័យចំហ និងទិន្នន័យធំ រយៈពេល៣ថ្ងៃ
22-07-2025 15:59
(បាត់ដំបង)៖ ក្រសួងផែនការ និងរដ្ឋបាលខេត្តបាត់ដំបង បានបើកសិក្ខាសាលាស្ដីពីការជំរុញប្រើប្រាស់ទិន្នន័យចំហរ និងទិន្នន័យធំ ក្រោមអធិបតីភាព លោក រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនោះ លោក សុខ លូ បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងផ្ដល់ឱ្យមន្ត្រីរាជការនៃមន្ទីរ ស្ថាប័នពាក់ព័ន្ធទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មី នៃការប្រមូលទិន្នន័យផ្លូវការតាមរយៈការប្រើប្រាស់ប្រភព ទិន្នន័យធំក្រៅពីការធ្វើជំរឿន និងអង្កេតដើម្បីប្រមូលទិន្នន័យស្ថិតិដែលជាសក្តានុពលថ្មីបំផុត នៃសម័យសង្គមឌីជីថលដែលស្របទៅនឹង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ គោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។
លោក សុខ លូ បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវខិតខំសម្រេច «បរិវិវត្តកម្មឌីជីថល» ឱ្យខាងតែបានទើបអាចប្រែក្លាយសេដ្ឋកិច្ច-សង្គមកម្ពុជា ទៅកាន់កម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់បាន។ ក្នុងន័យនេះ មន្ទីរ អង្គភាព ទទួលបន្ទុកអនុវត្តត្រូវសហការគ្នាជាធ្លុងមួយ ដោយមានការសម្របសម្រួល និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័នក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្មបំផុតដើម្បីធានាបាននូវការសម្រេចបាននូវគោលបំណង គោលនយោបាយគន្លឹះដែលបានកំណត់។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់មន្ទីរ អង្គភាព មន្ត្រីរាជការ និងសិក្ខាសាលាទាំងមូលត្រូវប្រឹងប្រែងសិក្សាស្វែងយល់បន្ថែម និងយកចិត្តទុកដាក់សិក្សារៀនសូត្រឱ្យបានម៉ត់ហ្មត់ ព្រមទាំងសិក្សាឱ្យបានស៊ីជម្រៅអំពីការប្រើប្រាស់ទិន្ន័យបើកចំហ និងទិន្នន័យធំនេះឱ្យបានយល់កាន់តែច្បាស់ស្របតាមបច្ចេកវិទ្យាទំនើប និងបរិវិវត្តកម្មឌីជីថល។
ទន្ទឹមនឹងនេះ លោក រិន វីរៈ បានមានប្រសាសន៍ពីគោលបំណងនៃសិក្ខាសាលា គឺដើម្បីបញ្ជ្រាបចំណេះដឹងជាចម្បងអំពីការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យសម្រាប់ស្ថិតិផ្លូវការ ដែលមានលក្ខណៈឌីជីថលឬតាមប្រព័ន្ធបណ្តាញអ៊ីនធឺណិត។ សិក្ខាកាមនឹងយល់ដឹងអំពីការវិវត្ត នៃប្រមូលទិន្នន័យស្ថិតិដែលមានការរីកចម្រើននាពេលបច្ចុប្បន្ន និងឱកាសនៃការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យនិយមន័យទិន្នន័យធំ និងបានអនុវត្តនៃការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យសម្រាប់ស្ថិតិទេសចរណ៍ និងសម្រាប់ស្ថិតិសន្ទស្សន៍ថ្លៃទំនិញ ស្ថិតិផ្លូវការផ្សេងៗទៀត ដែលធ្វើបទបង្ហាញដោយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានជាតិស្ថិតិ និងការប្រើប្រាស់ទិន្នន័យបើកចំហ សម្រាប់ជាធាតុចូលក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរៀបចំគោលនយោបាយផ្សេងៗផងដែរ។
លោកបានបញ្ជាក់បន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដើម្បីពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិស្ថិតិ ដែលជាស្ថាប័នស្ថិតិជាតិរបស់រាជរដ្ឋាភិបាលដើរតួនាទីស្នូលក្នុងការផលិតទិន្នន័យស្ថិតិផ្លូវការ ប្រកបដោយគុណភាព ភាពជឿជាក់ និងទាន់ពេលវេលា ដោយបានលើកកម្ពស់វិទ្យាស្ថានជាតិស្ថិតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័តដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធ នៃថវិការបស់ក្រសួងផែនការ»។
សូមជម្រាបថា វិទ្យាស្ថានជាតិស្ថិតិ ត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយ ដែលជាអង្គការដឹកនាំខ្ពស់បំផុត និងមានបេសកកម្មតម្រង់ទិសការអនុវត្ត និងត្រួតពិនិត្យសកម្មភាពការងាររបស់វិទ្យាស្ថានជាតិស្ថិតិ។ វិទ្យាស្ថានជាតិស្ថិតិមានអាណាព្យាបាលពីរ គឺក្រសួងផែនការ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ៕