ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាពមួយរបស់កម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការលើគម្រោងកសាងហេដ្ឋារចនាសម័ន្ធគាំទ្រទេសចរណ៍ថ្មីបន្ថែម
22-07-2025 16:00
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ បានរាយការណ៍ពី លទ្ធផលអនុវត្តគម្រោងកន្លងមក និងពិភាក្សាអំពី គម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទេសចរណ៍ថ្មីបន្ថែម ជាមួយក្រសួងទេសចរណ៍ ដែលមានគោលដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍។
ជាមួយគ្នានេះ លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបានជួយផ្តល់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក ដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនាំមកនូវការបញ្ចប់ដោយជោគជ័យនូវគម្រោងគំាទ្រវិស័យទេសចរណ៍ធំៗ និងសំខាន់ជាច្រើន ជាពិសេសគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងការអភិវឌ្ឍន៍តំបន់ឆ្នេរ។
លោកស្រីបញ្ជាក់ថា តាមរយៈលទ្ធផលជាផ្លែផ្កាពីគម្រោងកន្លងមក កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ និងដោយយល់ច្បាស់អំពី ការចូលរួមចំណែករបស់វិស័យទេសចរណ៍ ដល់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកពី គម្រោងវិនិយោគលើ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទេសចរណ៍ថ្មីៗ និងសំខាន់បន្ថែមទៀត ជាមួយក្រសួងទេសចរណ៍។
ថ្លែងក្នុងជំនួបដដែលរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីនាយិកា ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្តអនុវត្តគម្រោងវិនិយោគស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ថ្មី និងក្នុងទំហំទឹកប្រាក់វិនិយោគដ៏ច្រើនបន្តទៀតជាមួយក្រសួងទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេងដល់សហគមន៍ និងប្រជាជនកម្ពុជា៕