ពលរដ្ឋ១គ្រួសារ នៅស្រុកកំពង់លែង ស្នើសុំថ្នាក់ដឹកនាំខេត្ត បញ្ជូនមន្ត្រីជំនាញចុះពិនិត្យទីតាំងដីជាក់ស្ដែង ដែលមន្ត្រីបរិស្ថានថាជាដីរបស់រដ្ឋ និងបានចាប់កូនស្រីបញ្ជូនទៅតុលាការរហូតជាប់ពន្ធនាគារ, ដីដែលគាត់ឈូសឆាយ មានការចុះវាស់វែងជាលក្ខណៈប្រព័ន្ធរួចហើយ

22-07-2025 16:48

(កំពង់ឆ្នាំង)៖ ស្ត្រីម្នាក់ត្រូវបានមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ប្រើប្រាស់ច្រើនយ៉ាង (ភ្នំនាងកង្រី ភ្នំទូកមាស) ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តំណាងអយ្យការ រហូតតុលាការចេញដីកាឃុំដាក់ ពន្ធនាគារ ខណៈដែលស្ត្រីរូបនោះបានជួលគ្រឿងចក្រ១គ្រឿង ចូលទៅឈូសឆាយនៅលើទីតាំងដីមួយកន្លែងស្ថិតនៅចំណុចតាត្រាវ ក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្រាប់តែមន្ត្រីឧទ្យានុរ័ក្សប្រចាំតំបន់នោះ ចោទថា បានចូលឈូសឆាយដីស្ថិតក្នុងតំបន់ការពារធម្មជាតិ (ដីរបស់រដ្ឋ)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា សកម្មភាពឈូសឆាយនេះ គឺជាបទល្មើសជាក់ស្ដែងកំណត់ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានចែងក្នុងមាត្រា៨៥១ នៃក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់ចំណុច «ច» បន្ទាប់ពីឃើញសកម្មភាពបែបនេះមន្ត្រីឧទ្យានុរក្ស ក៏បានរាយការណ៍សុំគោលការណ៍ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ហើយព្រះរាជអាជ្ញាក៏បានបញ្ជាឲ្យឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងករណីខាងលើនេះមន្ត្រីឧទ្យានុរក្ស បាននាំយកត្រាក់ទ័រ និងមនុស្ស២នាក់មានឈ្មោះ កៃ កន ភេទប្រុស ជាម្ចាស់គ្រឿងចក្រ និងឈ្មោះ យុត ផល្លី ភេទស្រី ជាម្ចាស់ដី ដែលទាំង២នាក់នេះ ត្រូវបានចោទថា បានឈូសឆាយដីរបស់រដ្ឋអស់ទំហំ ១.៤៣ហិកតា។

ដោយសារតែការចាប់ និងឃុំខ្លួនកូនស្រីរបស់ខ្លួនអយុត្តិធម៌បែបនេះ លោកយាយឈ្មោះ លឿង សារ៉ុន ដែលត្រូវជាម្ដាយស្ត្រីឈ្មោះ យុត ផល្លី កំពុងជាប់ក្នុងពន្ធនាគារ និងឈ្មោះ ឡាត់ សុផាត ដែលត្រូវជាប្ដី បានដាក់ពាក្យស្នើសុំ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយបានស្នើសុំឱ្យលោកអភិបាលខេត្ត ចាត់មន្ត្រីជំនាញសុរិយោដី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងធ្វើការវាស់វែងកំណត់ទីតាំងដីទាំង២ទីតាំងខាងលើនេះ ដែលមន្ត្រីឧទ្យានុរក្សបានអះអាងថា ជាដីស្ថិតក្នុងតំបន់ការពារធម្មជាតិរបស់មន្ត្រីបរិស្ថាន ហើយបានចោទគ្រួសារគាត់ថា បានប្រព្រឹត្តបទល្មើសដូចខាងលើ ដើម្បីផ្ដល់ភាពត្រឹមត្រូវ និងផ្ដល់យុត្តិធម៌ជូនសារគាត់។ ដោយសារតែដីទាំង ២ទីតាំងនេះ គ្រួសារគាត់ធ្លាប់បានអាស្រ័យផលតាំងពីទសវត្សរ៍ឆ្នាំ៨០ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានស្របច្បាប់ ជាពិសេសទៀតនោះថ្មីៗនេះដីទាំង២ទីតាំងខាងលើ មានការចុះវាស់វែង ជាលក្ខណៈប្រព័ន្ធពីមន្ត្រី សូរិយោដី និងអាជ្ញាធរជូនគ្រួសាររបស់គាត់ស្របតាមនីតិវិធីច្បាប់ទៀតផង។

មិនតែប៉ុណ្ណោះចំណែកដីទំហំជាង៩ហិកតា ស្ថិតនៅចំណុចអាងក្រពើ ក្នុងភូមិទំនប់ឃុំត្រងិល ស្រុកកំពង់លែង ដែលមន្ត្រីបរិស្ថានចោទថា គ្រួសាររបស់គាត់ចូលកាប់ឆ្កាដីរបស់រដ្ឋអស់ទំហំជាង ៦ហិកតា ដីនោះគឺគ្រួសារគាត់បានដាំ ស្វាយចន្ទីតាំងពីឆ្នាំ១៩៨៨-១៩៨៩ និងបានទទួលផលជាច្រើនឆ្នាំមកហើយ។ ដោយឡែកនៅក្នុងអំឡុងឆ្នាំ២០២៤ ដីទំហំជាង៧ហិកតាក្នុងចំណោមដីរបស់គ្រួសារគាត់ទំហំ៩ហិកតាខាងលើនេះដែរ ក៏ត្រូវបានអាជ្ញាធរ និងម ន្ត្រីជំនាញសុរិយោដី ចុះវាស់វែងជាលក្ខណៈប្រព័ន្ធជូនគ្រួសារគាត់ដែលបានបែងចែកឲ្យកូនចៅចំនួន៧នាក់ និងមានកន្ទុយប័ណ្ណត្រឹមត្រូវស្របតាមច្បាប់ទៀតផង។

ក្នុងលិខិតស្នើសុំធ្វើការវាស់វែងទៅលោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ចំណែកដីរបស់គ្រួសារគាត់មានទំហំជាង២ហិកតាទៀត ស្ថិតនៅចំណុចតាត្រាវ ក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែងនេះដែរក៏ត្រូវបានអាជ្ញាធរ និងមន្ត្រីសុរិយោដីចុះវាស់វែងជាលក្ខណៈប្រព័ន្ធត្រឹមត្រូវស្របតាមច្បាប់ ជូនគ្រួសារគាត់ក្នុងទំហំ ១០៥x១០៣ម៉ែត្រ គឺស្មើនិងទំហំជាង១ហិកតា។ ដីនេះដែរ ដោយបានបែងចែកឱ្យកូន៦នាក់ ចំណែកដីជាង ១ហិកតាទៀត អាជ្ញាធរ និងមន្ត្រីជំនាញអះអាងថា ជាដីរបស់រដ្ឋ ទើបមន្ត្រីភូមិបាលមិនអនុញ្ញាតធ្វើការវាស់វែងជូនគ្រួសារគាត់។ តែគ្រួសារគាត់ពុំបានតវ៉ាអ្វីនោះដែរ បើទោះជាដីនោះគ្រួសារគាត់ធ្លាប់បានអាស្រ័យផលកន្លងមក និងមានទាំងលិខិតកាន់កាប់ ស្របច្បាប់ទទួលស្គាល់ដោយអាជ្ញាធរតាំងពីឆ្នាំ ១៩៩១ក៏ដោយ។

ដោយសំអាងថា ដីទំហំជាង ១ហិកតា នៅចំណុចតាត្រាវ ក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង មានការវាស់វែងជាលក្ខណៈប្រព័ន្ធស្របតាមនីតិវិធីច្បាប់រួចរាល់ហើយនោះ ទើបនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ កូនស្រីរបស់គាត់ ឈ្មោះ យុត ផល្លី បានយកគ្រឿងចក្រចូលទៅឈូសឆាយលើដីនោះដើម្បីដាំស្រូវ តែក៏ត្រូវបានមន្ត្រីបរិស្ថាន ចុះទៅឃាត់ខ្លួនកូនស្រីរបស់គាត់ដោយចោទថា កូនស្រីរបស់គាត់ចូលឈូសឆាយដី របស់រដ្ឋយកធ្វើជាកម្មសិទ្ធិអស់ទំហំ ១.៤៣ហិកតា បើទោះជាគ្រួសារគាត់បានបង្ហាញកន្ទុយប័ណ្ណដែលផ្ដល់ដោយមន្ត្រីសុរិយោដីជូនពួកគាត់ពិនិត្យ ក៏មន្ត្រីបរិស្ថានពុំបានទទួលស្គាល់កន្ទុយប័ណ្ណដែលផ្ដល់ដោយមន្ត្រី សុរិយោដីនោះដែរ។

បន្ទាប់ពីមានការចោទប្រកាន់ពីមន្ត្រីបរិស្ថាន និងចាប់កូនស្រីរបស់គាត់យកទៅដាក់ពន្ធនាគាររួចមក គ្រួសារគាត់ក៏បានយកម៉ែត្រទៅវាស់ជាក់ស្ដែងនៅលើទីតាំងដីដែលបានឈូសឆាយខាងលើនេះ ឃើញថា ការឈូសឆាយសរុប ទាំងអស់មានទំហំ ១២៨x១០៥ម៉ែត្រ ស្មើនិង១៣.៤៤០ម៉ែត្រការ៉េ។ ចំនួននេះដោយសរុបបញ្ចូលទាំងដីរបស់គ្រួសារគាត់ដែលមន្ត្រីសុរិយោដីវាស់វែងឱ្យទំហំ ១០៥ x០១៣ម៉ែត្រ ដែលមានទំហំស្មើនិង១០.៨១៥ការ៉េផងដែរ ដូច្នេះបើដកទំហំដីដែលបានធ្វើការវាស់វែងរួចហើយនោះចេញ គឺឈូសចូលដីដែលមន្ត្រីបរិស្ថានអះអាងថា ជាដីរបស់រដ្ឋ តែទំហំតែ២.៦២៥អាតែប៉ុណ្ណោះ។ ឯកាឈូសចូលនេះ ដោយសារតែគ្រួសារគាត់និងតៃកុងអាត្រាក់ឈូសមុន សម្រាកហូបបាយ ហើយតៃកុងគ្រឿងចក្រថ្មីទើបមកពីផ្ទះបានឡើងឈូសបន្តដោយពុំដឹងព្រំដីច្បាស់លាស់ ក៏ឈូសចូលដីនោះទំហំតែជាង២០អា។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ និងពិនិត្យទៅលើលិខិតយោងមួយចំនួន ដែលបានដាក់ជូនលោកអភិបាលខេត្ត ឃើញថា ពាក់ព័ន្ធនឹងដីស្ថិតនៅក្នុងចំណុចអាងក្រពើ និងចំណុចតាត្រាវ ស្ថិតក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់ លែងនេះដែរ កន្លងមកប្រជាពលរដ្ឋដែលមានដីនៅម្ដុំនោះ ពួកគាត់ក៏ធ្លាប់បានដាក់លិខិតស្នើសុំទៅលោកអភិបាលស្រុកកំពង់លែង អភិបាលខេត្តកំពង់ឆ្នាំង និងក្រសួងរៀនដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំចុះដោះ ស្រាយ និងបោះបង្គោលព្រំដីសម្គាល់រវាងដីរបស់រដ្ឋ និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងបានស្នើសុំឲ្យលើកផ្លាកប៉ាណូសម្គាល់ដីគ្រប់គ្រងដោយបរិស្ថាននៅក្នុងអនុក្រឹត្យលេខ២០០ឲ្យបានច្បាស់លាស់ផងដែរ ចៀសវាងមានបញ្ហាកើតឡើងចំពោះប្រជាពលរដ្ឋទៅពេលពួកគាត់ចូលទៅអាស្រ័យផលក្នុងដីរបស់ខ្លួន។

ក្នុងនោះដែរក៏មានលិខិតជូនដំណឹងឲ្យបោះបង្គោលព្រំដី និងលើកផ្លាកប៉ាណូសម្គាល់ដីរដ្ឋពីក្រសួងដែនដីនគរូប នីយកម្មនិងសំណង់ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។ ដោយឡែកនៅក្នុងកំណត់ហេតុប្រជុំដោះស្រាយស្នើសុំផ្ដល់កម្មសិទ្ធិលើដីចំការរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង របស់អាជ្ញាធរជាតិដោះស្រាយទំនា ស់ដីធ្លី អគ្គលេខាធិការដ្ឋាន ជាមួយអាជ្ញាធរដែនដី និងជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ក៏មានការឯកភាពឱ្យបោះបង្គោលព្រំនឹងលើកស្លាកប៉ាណូ បង្ហាញព្រំប្រទល់ដីរដ្ឋ នៅទីតាំងវិវាទជាក់ស្ដែង ងាយស្រួលក្នុងការគ្រប់គ្រងដីរដ្ឋផងដែរ។

ដោយឡែកកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន៥៧នាក់ បានផ្ដិតមេដៃស្នើសុំទៅលោកអភិបាលខេត្ត ដើម្បីឲ្យមន្ត្រីជំនាញ និងអាជ្ញាធរបោះបង្គោលព្រំដីរដ្ឋ និងលើកប៉ាណូបង្ហាញទីតាំងដីរដ្ឋ ដែលកំណត់ដោយ អនុក្រឹត្យលេខ២០០ ស្ដីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង (ភ្នំនាងកង្រី ភ្នំទូកមាស) ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ សំណើរនេះក៏មានការឯកភាពពីលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឲ្យបោះបង្គោលព្រំដី និងលើកស្លាកដាក់ប៉ាណូកំណត់ព្រំដីប្រជាពលរដ្ឋអាស្រ័យផល និងដីគ្រប់គ្រងដោយបរិស្ថានឲ្យបានត្រឹមត្រូវនៅចំណុចអាងក្រពើនេះ ដែលមានចំណារឯកភាពរបស់លោកអភិបាលខេត្តចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។

ក៏ប៉ុន្តែរាល់សេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំទាំងអស់ខាងលើនេះកន្លងមក មិនត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធអនុវត្តតាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំ ជូនប្រជាពលរដ្ឋនោះឡើយ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ជួបការលំបាកក្នុងការចូលអាស្រ័យផលលើដីរបស់ខ្លួននៅក្នុងតំបន់នោះជាច្រើនឆ្នាំមកហើយ នេះជាការបញ្ជាក់របស់ប្រជាពលរដ្ឋដែលមានដីនៅក្នុងតំបន់ខាងលើនេះ។

ជាចុងក្រោយក្រុមគ្រួសាររបស់ស្ត្រីឈ្មោះ យុត ផល្លី ដែលកំពុងជាប់ពន្ធនាគារ សូមគោរពស្នើសុំអភិបាលខេត្ត មេត្តាចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង និងធ្វើការវាស់វែងទៀងផ្ទាត់ទៅលើទីតាំងឈូសឆាយជាក់ស្ដែង ដែលមន្ត្រីបរិស្ថានចោទកូនស្រីរបស់គាត់ថា បានឈូសឆាយបំពានលើដីរបស់រដ្ឋអស់ទំហំ១.៤៣ ហិកតា និងបានកំណត់ជាបទល្មើសធនធានធម្មជាតិថ្នាក់លេខ៣ ដែលមានចែងក្នុងមាត្រា៨៥១ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់ចំណុច"ច" ដើម្បីផ្តល់ភាពត្រឹមត្រូវ និងផ្ដល់យុត្តិធម៌ជូនកូនស្រីរបស់គាត់ដោយក្តីអនុគ្រោះផង។

ដោយឡែកទីតាំងដីមួយកន្លែងទៀតស្ថិតនៅចំណុចអាងក្រពើ គ្រួសារគាត់ក៏ស្នើសុំឲ្យមន្ត្រីជំនាញចុះពិនិត្យ និងវាស់វែងឱ្យបានច្បាស់លាស់ផងដែរថា តើដីនោះជាដីរបស់រដ្ឋ ឬក៏ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ បើជាដីរបស់រដ្ឋ តើហេតុអីបានជាអាជ្ញាធរ និងមន្ត្រីសុរិយោដីចុះវាស់វែងជាលក្ខណៈប្រព័ន្ធជូនគ្រួសារគាត់ហើយ បែរជាមន្ត្រីបរិស្ថានចោទគ្រួសារគាត់ថា បានរំលោភបំពានដីរបស់រដ្ឋអស់ជាង៦ហិកតាទៅវិញ និងបានហៅគ្រួសារគាត់ ទៅសុំឲ្យប្រគល់ដីនោះជូនរដ្ឋវិញជាច្រើនលើកច្រើនសារ ឯការស្នើរសុំដីពីគ្រួសារគាត់នេះទៀតសោត ក៏មន្ត្រីបរិស្ថានពុំដែលបានបង្ហាញឯកសារពាក់ព័ន្ធនិងដីនោះជូនគ្រួសារគាត់ឲ្យបានច្បាស់លាស់នោះទេ គឺសុំតែមាត់ទទេតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីខាងលើនេះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ឲ្យដឹងថា ការវាស់វែងដីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ មុននឹងធ្វើការវាស់វែង គឺមន្ត្រីជំនាញ និងអាជ្ញាធរបានប្រកាសតំបន់វិនិច្ឆ័យទុករយៈពេលជាច្រើនថ្ងៃ ហើយមុននឹងធ្វើការវាស់វែងជូនម្ចាស់ដីក៏មានការចូលរួមពិនិត្យយ៉ាងត្រឹមត្រូវពីមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី បើដីនោះជាប់ពាក់ព័ន្ធជាមួយនឹងដីរបស់រដ្ឋ គឺមន្ត្រីសុរិយោដី និងអាជ្ញាធរមិនធ្វើវាស់វែងជូននោះឡើយ។

លោកអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះសំណើរបស់ប្រជាពលរដ្ឋដែលបានស្នើសុំមន្ត្រីជំនាញ និងអា ជ្ញាធរពាក់ព័ន្ធចុះពិនិត្យទីតាំងដីទាំង២ទីតាំងខាងលើនេះ លោកនឹងរៀបចំចាត់ឱ្យលោកអភិបាលរងខេត្តម្នាក់ ចុះធ្វើកិច្ចការនេះជូនប្រជាពលរដ្ឋជាបន្ទាន់តាមការស្នើសុំផងដែរ៕