ថ្ងៃនេះ! ពលរដ្ឋខ្មែររាប់រយនាក់ បន្តទៅទស្សនាកម្សាន្ដ និងលើកទឹកចិត្តវរកងទ័ពខ្មែរ នៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី លើដែនអធិបតេយ្យរបស់កម្ពុជា

22-07-2025 16:56

(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃរាប់រយអង្គ/នាក់ បានទៅទស្សនាកម្សាន្ដ និងលើកទឹកចិត្តវរកងទ័ពខ្មែរដ៏អង់អាច ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្នុងដែនអធិបតេយ្យរបស់កម្ពុជា។

សេចក្ដីរាយការណ៍បានឲ្យដឹងថា សម្រាប់នៅប្រាសាទតាមាន់ធំ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ មានប្រជាពលរដ្ឋចំនួន១២៨នាក់ មកពីខេត្តព្រះវិហារ, តាកែវ, បន្ទាយមានជ័យ, ឧត្តរមានជ័យ។ ដោយឡែក សម្រាប់ម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៣រសៀល មានប្រជាពលរដ្ឋចំនួន៣៥៧នាក់ (ព្រះសង្ឃ៣អង្គ) មកពីខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ, បាត់ដំបង និងរាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍បន្ថែម សម្រាប់នៅប្រាសាទតាក្របីឯណោះវិញ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ព្រឹក មានប្រជាពលរដ្ឋចំនួន១២៣នាក់ (ព្រះសង្ឃ២អង្គ) បានទៅទស្សនាកម្សាន្ដ ក្នុងនោះមកពីខេត្តឧត្តរមានជ័យ, បន្ទាយមានជ័យ, សៀមរាប, កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។

សូមជម្រាបថា បច្ចុប្បន្ននេះប្រជាពលរដ្ឋគ្រប់មជ្ឈមដ្ឋាននាំគ្នាសម្រុកទៅលេង និងទស្សនាប្រាសាទតាមាន់ធំ និងប្រាសាទជាច្រើនទៀត ដែលជាប្រាសាទរបស់ខ្មែរនៅក្នុងទឹកដីខ្មែរ ដើម្បីផ្ដល់កម្លាំងចិត្តដល់កងទ័ពកម្ពុជា កំពុងឈរជើងការពារបូរណភាពទឹកដី អធិបតេយ្យជាតិដ៏អង់អាចរឹងមាំ៕