ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, តំណាងក្រុមហ៊ុនធំមួយរបស់ប្រទេសកាតា អះអាងថា ក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាជាប្រទេសដំបូងគេដែលក្រុមហ៊ុនខ្លួនចង់វិនិយោគ (Video inside)

22-07-2025 16:57

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និងគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia របស់ប្រទេសកាតា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ក្នុងដំណើរទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ។ សម្តចតេជោ បានគូសរំលេចអំពីលទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចសម្តេចនៅមជ្ឈឹមបូព៌ា ជាពិសេសជំនួបពិភាក្សាការងារសម្តេចជាមួយប្រធានសភា នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ កាតាផ្សេងៗទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យសក្តានុពលរវាងប្រទេសទាំង២ កាលពីឆ្នាំកន្លងទៅ។

នាឱកាសនោះលោក Fahd AI Dosari បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុន ចូលជួបសម្តែងការគួរសមនាពេលនេះ។ តាងនាមឱ្យ គ្រួសាររាជវង្សនៃកាតា និងក្រុមហ៊ុន AI Mansour Asia, លោក Fahd AI Dosari បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការបន្តពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសលើការវិនិយោគក្នុងវិស័យសាធារណៈ និងឯកជន។ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុន AI Mansour Asia បានដាក់ទិសដៅវិនិយោគនៅអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងមាន លោក Jay Han ជានាយកប្រតិបត្តិប្រចាំនៅកម្ពុជា។

ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកឡើងរបស់លោក Fahd AI Dosari។ សម្តេចតេជោ បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពវិនិយោគលើការកែច្នែស្បៀង និងវត្ថុធាតុដើមកសិកម្មនៅកម្ពុជា។ សម្តេចតេជោ បានបន្តចង្អុលបង្ហាញអំពីកាលានុវត្តភាពសម្រាប់ការកែច្នៃស្រូវ ក្នុងខណៈដែលកម្ពុជាជាប្រទេសមានអទិរេកស្រូវ ស្របពេលដែល កាតា គឺជាប្រទេសត្រូវការស្បៀង។ តាមរយៈការរៀបចំប្រមូលទិញ ស្តុក និងបង្កើតម៉ាស៊ិនកិនស្រូវនេះ កម្ពុជា-កាតា អាចពង្រីកការផ្គត់ផ្គង់ស្បៀងទៅកាន់ប្រទេសនានានៅមជ្ឈឹមបូព៌ាដែលត្រូវការស្បៀងផងដែរ។

សម្តេចតេជោ ក៏បានកត់សម្គាល់អំពីសក្តានុពលនៃស្វាយចន្ទីកម្ពុជា ដែលបច្ចុប្បន្ន កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងបាននាំចេញប្រមាណ ៦០ម៉ឺនតោន រួចទៅហើយក្នុងមួយឆមាសដើមឆ្នាំ២០២៥នេះ។ ផ្អែកតាមតួលេខនេះសម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ហើយការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី គឺជាពេលវេលាដ៏សមស្រប។ សម្តេចតេជោ បានបន្តថា កម្ពុជា ក៏នៅមានដំឡូងមី និងជ័រកៅស៊ូ ដែលយើងមិនទាន់បានកែច្នៃឱ្យអស់សក្តានុពលនៅឡើយ ហើយទីផ្សារនៅកម្ពុជា រួមទាំងតំបន់ ក៏នៅមានលម្ហក្នុងការផ្គត់ផ្គង់ ដែលគួរក្រុមហ៊ុនសិក្សាចាប់យកឱកាសវិនិយោគនេះ។

លោក Fahd AI Dosari បានថ្លែងអរគុណសម្តេចតេជោ ចំពោះអនុសាសន៍ណែនាំ និងបង្ហាញការចាប់អារម្មណ៍លើវិស័យកសិកម្ម កម្មន្តសាល ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ការអភិវឌ្ឍកោះ ទីកន្លែងកំសាន្ត និងព្រលានយន្តហោះផងដែរ។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់លោក មើលឃើញយ៉ាងច្បាស់អំពីសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពរបស់កម្ពុជា ដូច្នេះហើយទើប ក្រុមហ៊ុនចាប់ផ្តើមការវិនិយោគនៅអាស៊ីអាគ្នេយ៍ដោយផ្តើមចេញពីការវិនិយោគនៅកម្ពុជា។

នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក Fahd AI Dosari ចំពោះការទុកចិត្ត និងមើលឃើញសន្តិភាព និងស្ថិរភាពនៅកម្ពុជា និងគម្រោងវិនិយោគទាំងអស់ រួមទាំង វិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ និងបានជូនពរលោក ព្រមទាំងគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនាពេលនេះផងដែរ៕