អង្គការសង្គមស៊ីវិលនៅក្នុងខេត្តកំពង់ឆ្នាំង គាំទ្រប្រមុខរាជរដ្ឋាភិបាលចំពោះវិធានការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ
22-07-2025 17:49
(កំពង់ឆ្នាំង)៖ នៅវេលាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំវេទិកាសន្ទនា ស្ដីពី “កិច្ចសហប្រតិបត្ដិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី” ជាមួយបណ្ដាអង្គការសង្គមស៊ីវិលដែលមានប្រតិបត្តិការក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងជំរុញការចូលរួមរបស់អង្គការសង្គមស៊ីវិលដែលជាតួអង្គមិនអាចខ្វះបាន រួមចំណែកជាមួយរាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
វេទិការសន្ទនានេះ បានប្រព្រឹត្ដឡើងក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ជា សុខរិទ្ធិ អភិបាលរងខេត្តនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីតំណាងអង្គការ សមាគម សហជីព និងសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋានសរុបជិត ៣០០នាក់។
ថ្លែងក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះអង្គការសង្គមស៊ីវិលដែលជាតួអង្គមិនអាចខ្វះបាន ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការលើកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនជាលំដាប់។ ក្នុងកាលៈទេសៈបច្ចុប្បន្នដែលកម្ពុជា និងពិភពលោកកំពុងជួបប្រទះនឹងការប្រែប្រួលថ្មី វិបត្តិសេដ្ឋកិច្ចសកល ក៏ដូចជា ការប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច រួមទាំងការឈ្លានពានពីប្រទេសជិតខាង អង្គការសង្គមស៊ីវិលត្រូវតែពង្រឹងស្មារតីសាមគ្គីជាតិ និងរួមគ្នាលើកកម្ពស់ជាតិនិយម ព្រមទាំងបន្តរួបរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេស ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីអាចមានលទ្ធភាពបន្តសកម្មភាពក្នុងការអភិវឌ្ឍមូលដ្ឋានលើវិស័យសំខាន់ៗ ដូចជា វិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍជនបទជាដើម។ លោកប្រធានក្រុមប្រឹក្សាភិបាល បានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលបន្តគោរពអនុវត្តច្បាប់ជាធរមាន ដើម្បីលើកកម្ពស់នីតិរដ្ឋ និងបន្តគាំទ្រគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ អង្គវេទិកាទាំងមូលបានបង្ហាញពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល និងការដាក់ចេញនូវវិធានការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ជាពិសេស ការដោះស្រាយជម្លោះជាមួយប្រទេសថៃ។
ក្នុងឱកាសនៃវេទិកាសន្ទនានេះ អង្គវេទិកាក៏បានស្តាប់នូវបទបង្ហាញស្តីពី «ការរៀបចំគម្រោងសំណើនិងបទពិសោធន៍នៃការគ្រប់គ្រង» ដោយលោកស្រី ប៉ុក បញ្ញាវិចិត្រ អតីតប្រធានអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ដែលជាការចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល ក្នុងបរិបទដែលអង្គការសង្គមស៊ីវិលភាគច្រើនជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុសម្រាប់ការអនុវត្តគម្រោងរបស់ខ្លួន ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចសកល ជាពិសេសការកាត់ផ្តាច់ជំនួយឥតសំណងពីម្ចាស់ជំនួយនៃប្រទេសលោកខាងលិច។ លោកស្រីបានណែនាំឱ្យអង្គការសង្គមស៊ីវិលអាចពិចារណារកប្រភពជំនួយថ្មីៗ ដែលអាចស្វែងរកបាន។
តំណាងអង្គការ សមាគម សហជីព និងសហគមន៍ដែលបានចូលរួមវេទិកាសន្ទនានាថ្ងៃនេះ បានពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មកយ៉ាងផុលផុសជាមួយអាជ្ញាធរមូលដ្ឋាន ហើយបញ្ហាប្រឈមនិងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងវេទិកាសន្ទនាដោយផ្ទាល់។ ចំពោះបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាបន្ថែម និងការដោះស្រាយក្នុងកម្រិតបច្ចេកទេសជំនាញ នឹងត្រូវយកទៅពិភាក្សាជាមួយស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់ការចូលរួមលើកកម្ពស់ការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន៕