ក្រសួងការងារអំពាវនាវជាថ្មីឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ ​ស្របពេលមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញពលករខ្មែរនៅថៃ

22-07-2025 17:52

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែកក្កដានេះ បានអំពាវនាវជាថ្មីម្តងទៀតទៅដល់ពលករខ្មែរ និងពលរដ្ឋដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃឱ្យត្រឡប់មកស្រុកកំណើតវិញ ដោយស្វែងរកឱកាសការងារក្នុងស្រុកជំនួស។

​ការអំពាវនាវជាថ្មីនេះគឺធ្វើឡើងស្របពេលដែលមានការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនថា ពលរដ្ឋខ្មែរដែលមិនមានឯកសារគ្រប់គ្រាន់ត្រូវបានថៅកែក្នុងប្រទេសថៃធ្វើទុក្ខបុកម្នេញដូចជា ផ្តាច់ការផ្គត់ផ្គង់ទឹក-ភ្លើង និងមិនបើកប្រាក់ខែឱ្យជាដើម។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ២៥ម៉ឺនកន្លែងដែលជាការងារនៅក្នុងស្រុក សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបអាចចូលធ្វើការដោយគ្មានការធ្វើបាប ឬរំលោភបំពានឡើយ។

លោក ស៊ុន មេសា បញ្ជាក់ថា «ឱកាសការងារនៅកម្ពុជាមានប្រមាណជាង២៥ម៉ឺនកន្លែងជាពិសេសវិស័យឧស្សាហកម្មដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋយើងដែលពេញកម្លាំង បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ។ ដូចនេះបងប្អូនខ្មែរយើង ឬពលករដែលចង់បានការងារសូមទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការងារភ្លាមៗ»

បន្ថែមពីនេះ លោក ស៊ុន មេសា បានលើកឡើងពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ដូចជាការរំលោភបំពានពីនិយោជក ការមិនផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់ ឬការចុះអធិការកិច្ចពីអាជ្ញាធរម្ចាស់ប្រទេសដែលនាំដល់ការចាប់ខ្លួនជាដើម។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញជ្រើសរើសឱកាសការងារក្នុងស្រុក និងមិនត្រូវប្រថុយប្រថានត្រឡប់ទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃនោះឡើយ ក្នុងខណៈដែលប្រទេសទាំងពីរកំពុងបន្តមានអរិភាពតាមបន្ទាត់ព្រំដែន។

សូមរំលឹកផងដែរថា ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការបានរៀបចំចែកខិតបណ្ណឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមក្នុងមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជានិងថៃចំនួន ៦កន្លែង។ បន្ថែមពីនេះ សម្រាប់ពលករដែលវិលមកដល់ស្រុកកំណើត ក្រសួងការងារ បានដឹកនាំវិស័យឯកជន និងភាគីពាក់ព័ន្ធ ចុះផ្តល់ព័ត៌មានពីឱកាសការងារដល់ស្រុកភូមិដើម្បីធានាថា បងប្អូនពលករទទួលបានព័ត៌មានស្តីពីឱកាសការងារគ្រប់គ្នា៕