ទូតឥណ្ឌូនេស៉ី កោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន សោតទស្សន៍បានយ៉ាងល្អ និងមានសណ្តាប់ធ្នាប់

22-07-2025 19:39

(សៀមរាប)៖ ជំនួបទ្វេភាគីរវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោក សានតូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០, ឯកអគ្គរាជទូតឥណ្ឌូនេស៊ី បានកោតសរសើរក្រសួងព័ត៌មានដែលបានខិតខំបំពេញការងារយ៉ាងសកម្មដែលឯកអគ្គរាជទូតបានមើលតាមប្រព័ន្ធផ្សព្វផ្សាយ ដែលឃើញមានគំនិតផ្ដួតផ្ដើមហើយ និងសកម្មភាពជាច្រើនពាក់ព័ន្ធ និងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមើលឃើញថាជាចំណុចវិជ្ជមានមួយល្អប្រសើររបស់ក្រសួងព័ត៌មាន។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានកោតសរសើរក្រសួងព័ត៌មានក្នុងការរៀបចំកម្មវិធី AMS កាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២៥នេះ និងបានអបអរសាទរដែលទទួលបានជោគជ័យក្នុងការរៀបចំនេះ។

បន្ថែមពីនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានលើកឡើងរវាងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានឥណ្ឌូនេស៊ី ដោយឡែកក្រសួងព័ត៌មានកម្ពុជាក៏បានរៀបចំសេចក្ដីព្រាង MoU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មានឥណ្ឌូនេស៊ីផងដែរ។

ក្នុងនោះលោក Santo Darmosumarto ក៏បានកោតសរសើរចំពោះវឌ្ឍនភាពនៃសហគមន៍អ៉ីស្លាមនៅកម្ពុជា ដែលឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីបានកោតសរសើរ ពីសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅកម្ពុជាដែលជាគំរូមួយនៅក្នុងតំបន់ហើយក៏ដូចជាក្នុងពិភពលោក ដែលពិភពលោកគួររៀនសូត្រពីកម្ពុជានិងយកគំរូតាមក្នុងការធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបន្តថា នឹងមានកិច្ចសហប្រតិបត្តិការក្នុងផ្សព្វផ្សាយពីសហគមន៍អ៉ីស្លាមនៅពេលខាងមុខ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី Santo Darmosumarto បានបង្ហាញពីការគាំទ្រចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន ដែលលោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏ធ្លាប់បានលើកអំពីបញ្ហានេះ កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅឥណ្ឌូនេស៊ី។

ជាការឆ្លើយតបលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីមានក្រសួងព័ត៌ មានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់៕