មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យកម្លាំងអាវុធហត្ថស្រុកសំរោងទង គ្រឿងសម្ភារៈ បរិក្ខារផ្សេងៗដើម្បីត្រៀមលក្ខណៈទុកជាមុនអន្តរាគមន៍ ជួយសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗ

22-07-2025 20:18

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង រួមនិងគ្រឿងសម្ភារៈ បរិក្ខារផ្សេងៗដើម្បីត្រៀមលក្ខណៈទុកជាមុនក្នុងការអន្តរាគមន៍ ជួយសង្គ្រោះភ្លាមៗឱ្យបានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារគ្រោះទឹកជំនន់ ឬគ្រោះធម្មជាតិផ្សេងៗនារដូវវស្សានេះ។

ដោយក្តីបារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី បានដាក់បទបញ្ជាឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថទាំងអស់ ត្រូវត្រៀមលក្ខណះចំណុចខ្ពស់២៤ម៉ោង/២៤ម៉ោង ដើម្បីអន្តរាគមន៍ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលានៅពេលមានគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុគ្រប់ពេល ដែលបង្កពីភ្លៀងធ្លាក់ច្រើនលាយឡំជាមួយផ្គររន្ទះ ខ្យល់កន្ត្រាក់ក្នុងរដូវវស្សានេះ ជាហេតុនាំអោយអាចឆក់យកអាយុជីវិតមនុស្ស សត្វបានគ្រប់ពេល ព្រមទាំងបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន
ក៏បានដាក់បទបញ្ជាឱ្យលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង អំពាវនាវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងពេលរដូវវស្សានេះ និងត្រូវរាយការណ៍ឱ្យបានលឿនបំផុតទៅតាមដែលធ្វើទៅបានមកកាន់កម្លាំងមូលដ្ឋានរបស់ខ្លួនរស់នៅ ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍បានទាន់ពេលវេលាផងដែរ៕