លោក ឃួង ស្រេង៖ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលចេញមុខការពារបូរណភាពទឹកដី និងការពារអាយុជីវិតពលរដ្ឋ

22-07-2025 20:27

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា គ្រប់ពេលវេលា ដែលប្រទេសជាតិមានបញ្ហាជម្លោះព្រំដែន ជាមួយប្រទេសក្បែរខាង និងជំងឺរាតត្បាតកូវីដ១៩ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលចេញមុខការពារបូរណភាពទឹកដី និងការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងទាំងនេះ។គណបក្សប្រជាជនកម្ពុជា មានច្ឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដី ឱ្យបានដាច់ខាត ពីចោរឈ្លានពាន។ កម្ពុជាក្រទេ តែកម្ពុជាមិនឯកកោទេ មិនអាចចេះតែរំលោភបំពានស្រេចតែចិត្តនោះទេ។

ការលើកឡើងខាងលើរបស់លោក ឃួង ស្រេង បានធ្វើឡើង នាល្ងាចថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក ជា ខេមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌដូនពេញ។

ក្នុងឱកាសនោះ ប្រធានភូមិទាំង០៩ភូមិ និងលោកចៅសង្កាត់ផ្សារថ្មីទី២ បានរាយការណ៍ពីសមិទ្ធផលការងារ និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនឹងការស្នើសុំការជួយជួសជុលជណ្តើររួមរបស់ប្រជាពលរដ្ឋ កម្ពស់៤ ទៅ៥ជាន់ ចំនួន៧ខ្សែ ដែលមានសភាពចាស់ទ្រុឌទ្រោម។ ជាមួយនិងការប្តេជ្ញាចិត្ត ក្នុងការកសាងសហជិកបក្សឱ្យមានសន្ធុះខ្លាំងឡើង ទៅតាមផែនការដែលបក្សបានដាក់ចុះ ដើម្បីឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។

លោក ឃួង ស្រេង បានលើកឡើងថា លោក ជា ខេមា ដែលជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ត្រូវពិនិត្យមើលពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចជាការបំពាក់អំពូលភ្លើង នៅតាមផ្លូវឌឿងហែម តាមជណ្តើរឡើងរួម ជួសជុលផ្លូវ ដាក់លូជាដើម។ចំពោះការស្នើសុំជួសជុលជណ្តើររួមរបស់ប្រជាពលរដ្ឋចំនួន៧ខ្សែយើងត្រូវតែជួសជុលជូនពួកគាត់ហើយ។ បន្ថែមពីនេះការរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាននៅតាមផ្លូវឌឿងហែម ក៏ជាការងារដែលត្រូវតែធ្វើ។ យើងមិនមែន មិនឱ្យពួកគាត់លក់ដូរតាមផ្លូវឌឿងហែមនោះទេ តែការលក់ដូរត្រូវតែមានសណ្តាប់ និងបរិស្ថានល្អ គឺលក់ដូរហើយគ្មានសំរាម ហើយនៅពេលមានអគ្គិភ័យកើតឡើងរថយន្តអគ្គិភ័យអាចចូលទៅបាញ់ពន្លត់បាន។

លោក ឃួង ស្រេង បានបន្តថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះរហូតមក គឺដោយសារយើងមានថ្នាក់ដឹកនាំឆ្នើមនោះ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួម ដែលមិនអាចខ្វះបាន ពីសមាជិក សមាជិកាបក្ស នៅតាមមូលដ្ឋាននេះឯង។

លោក ឃួង ស្រេង បានបន្តថា មហិច្ឆតាដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដែលជាក្តីស្រម័យរបស់ប្រជាជននៅលើពិភពលោក។ យើងពិតជាទៅដល់ដោយប្រទេសយើងម្ចាស់ការលើសេដ្ឋកិច្ចខ្លួនឯង តាមផ្លូវទឹក លែងពឹងពាក់ដង្ហើមគេដកទៀតហើយ ក្រោយយើងមានព្រែកជីកហ្វូណន-តេជោ។ គម្រោងព្រែកជីកហ្វូណនតេជោនេះសម្តេចតេជោ ហ៊ុន សែន អ្នកផ្ដួចផ្ដើមគំនិតកសាង ហើយត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានោះលោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះគណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែកធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតមក៕