ក្រសួងបរិស្ថានធ្វើការឆ្លើយតបករណីប្រជាពលរដ្ឋមួយគ្រួសារនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្នើសុំឲ្យជួយអន្តរាគមន៍ដោះលែងកូនស្រី ក្រោយត្រូវបានតុលាការឃាត់ខ្លួន ក្នុងបទចោទបានឈូសឆាយដីរដ្ឋ

22-07-2025 21:12

(កំពង់ឆ្នាំង)៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានចេញមកបដិសេធចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋមួយគ្រួសារ ដោយនៅតែអះអាងថា ស្រ្តីដែលជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ឆ្នាំងឈ្មោះ យុត្ត ផល្លី បានឈូសឆាយចូលដីរដ្ឋ រហូតមានការចាប់ឃាត់ខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា សកម្មភាពឈូសឆាយនេះ គឺជាបទល្មើសជាក់ស្ដែងកំណត់ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានចែងក្នុងមាត្រា៨៥១ នៃក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់ចំណុច «ច» បន្ទាប់ពីឃើញសកម្មភាពបែបនេះមន្ត្រីឧទ្យានុរក្ស ក៏បានរាយការណ៍សុំគោលការណ៍ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ហើយព្រះរាជអាជ្ញាក៏បានបញ្ជាឲ្យឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងករណីខាងលើនេះមន្ត្រីឧទ្យានុរក្ស បាននាំយកត្រាក់ទ័រ និងមនុស្ស២នាក់មានឈ្មោះ កៃ កន ភេទប្រុស ជាម្ចាស់គ្រឿងចក្រ និងឈ្មោះ យុត ផល្លី ភេទស្រី អ្នករំលោភឈូសឆាយ ដែលទាំង២នាក់នេះ ត្រូវបានចោទថា បានឈូសឆាយដីរបស់រដ្ឋអស់ទំហំ ១.៤៣ហិកតា។