ក្រសួងព័ត៌មាន ប្រគល់ពានរង្វាន់កម្មវិធីឆ្នើមសម្រាប់ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីសៀមរាប-អង្គរ
23-07-2025 09:29
(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រៀបចំពិធីជប់លៀងផ្លូវការ ជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ (20th Asia Media Summit) នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា លើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន ចូលរួមអបអរសាទរ AIBD ក្នុងខួបលើកទី២០ នៃការរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ AMS បានបង្កើតខ្លួនជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការសន្ទនា កិច្ចសហការ និងការច្នៃប្រឌិតនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែនៅក្នុងទ្វីបអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាសកលផងដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះបេក្ខជន និងអ្នកឈ្នះទាំងអស់នៃពានរង្វាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ AIBD។ សមិទ្ធផលរបស់អ្នកគឺជាសក្ខីភាពនៃស្មារតីច្នៃប្រឌិត ការប្តេជ្ញាចិត្ត និងការរួមចំណែករបស់អ្នកចំពោះសហគមន៍ដែលអ្នកបម្រើ និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ។
លោក នេត្រ ភក្ត្រា បានបង្ហាញទំនុកចិត្តថាការតភ្ជាប់ដែលបានធ្វើឡើង និងគំនិតដែលបានផ្លាស់ប្តូរនៅក្នុង AMS នឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើអនាគតនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់នេះ។ ចំណេះដឹងដែលបានចែករំលែកនៅលើទឹកដីកម្ពុជា ជាពិសេសទាក់ទងនឹងឧបករណ៍ឌីជីថលថ្មីៗ យន្តការផ្ទៀងផ្ទាត់ និងយុទ្ធសាស្ត្រអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ផ្តល់ឱ្យយល់ដឹងជាថ្មី និងវិធីសាស្រ្តជាក់ស្តែង ដើម្បីកសាងការយល់ដឹងជាសាធារណៈ និងពង្រឹងភាពធន់នឹងព័ត៌មានមិនពិត។
សូមជម្រាប ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» មានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ប្រទេស នៅក្នុងទ្វីបអាស៉ី និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ៕