រដ្ឋមន្រ្តី ជា វ៉ាន់ដេត សំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ចំនួន១៨ទីតាំង ក្នុងខេត្តតាកែវ

23-07-2025 10:28

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ចំនួន១៨ ទីតាំង ក្នុងខេត្តតាកែវ ប្រមាណ៤ ០០០នាក់ តាមប្រព័ន្ធវីដេអូ ZOOM។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញនៃ ក.ប.ទ. មន្ទីរ ប.ទ. ខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយកវិទ្យាល័យ ប្រធាន ម.ប.ស. និងគ្រូប្រចាំ ម.ប.ស. ផងដែរ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល ក្នុងការកសាងនិងពង្រឹងវិស័យអប់រំនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែករបស់ ក.ប.ទ. ក្នុងជួយលើកការអប់រំជំនាញបច្ចេកទេសក្នុងវិស័យឌីជីថល ដែលជាវិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ ក.ប.ទ. ដើម្បីសម្រេចបាននូវការកសាងពលរដ្ឋឌីជីថល ដូចជា៖

១៖ ការផ្តល់អាហារូបករណ៍ជំនាញឌីជីថលប្រមាណ ៦០០ កន្លែងក្នុងមួយឆ្នាំ និងការផ្តល់ជំនួយហិរញ្ញវត្ថុដោយគ្មានការប្រាក់ដល់សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A, B ឬ C
២៖ ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើសញ្ញាបត្រ-វិញ្ញាបនបត្រពាក់ព័ន្ធនឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ
និង៣៖ ការដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (UMS) ជាអាទិ៍ ដែលសកម្មភាពទាំងនេះ គាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ណែនាំ និងដំបូន្មានមួយចំនួនបន្ថែមទៅកាន់សិស្សានុសិស្សថ្នាក់ទី១២ ឱ្យខិតខំប្រឹងប្រែងសិក្សាខ្ជាប់ខ្ជួន ដើម្បីជាការត្រៀមខ្លួន សម្រាប់ការប្រឡងនៅក្នុងខែសីហា ខាងមុខ ហើយក៏ត្រូវមានក្តីសង្ឃឹមនៅក្នុងជីវិត ប្រឹងប្រែងស្វែងរកចំណេះដឹង ចំណេះធ្វើ និងកំណត់អំពីទិសដៅនៃជីវិតឱ្យបានច្បាស់លាស់ ទើបអាចទទួលជោគជ័យនាពេលអនាគត។

លោករដ្ឋមន្ត្រី បានលើកឡើងផងដែរថា ជាពុទ្ធិសំខាន់នៅក្នុងជីវិតដែលអាចធ្វើឱ្យសិស្សនីមួយៗ អាចទទួលបានភាពជោគជ័យបាន ឈរលើកត្តា ៥ គឺ ភាពស្មោះត្រង់ ការខិតខំព្យាយាម សីលធម៌ ការធ្វើការងារជាក្រុម និងការចាប់យកឱកាស។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានផ្តល់ឱកាសឱ្យសិស្សានុសិស្សអាចសួរសំណួរដោយផ្ទាល់មក ដើម្បីលោករដ្ឋមន្ត្រី អាចបកស្រាយជូនម្ចាស់សំណួរផង ក៏ដូចជាផ្តល់ជាព័ត៌មានជូនទៅសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមក្នុងជំនួបនេះផងដែរ។

សូមជម្រាបជូនថា គម្រោង ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថលនៅថ្នាក់មូលដ្ឋាន ទាំងក្នុងសាលារៀន និងសហគមន៍ទូទៅ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានភាពរីកចម្រើន។

ដោយមានការគាំទ្រនិងការសហការពីក្រសួងអប់រំ យុវជន និងកីឡា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តតាកែវ ដោយមានមុខងារស្នូលចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ និងធ្វើជាសាលប្រជុំពីចម្ងាយ ២) បន្ទប់បណ្តុះបណ្តាល សម្រាប់ការបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ៣) ប៉ុស្តិ៍ប្រៃសណីយ៍ សម្រាប់ផ្តល់សេវាទទួលនិងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗ ដល់ពាណិជ្ជករ អាជីវករ និងប្រជាជននៅសហគមន៍ និង ៤) សាលសាធារណៈ សម្រាប់ប្រជាជននៅសហគមន៍អាចចូលប្រើប្រាស់ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀត៕