នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពចំពោះស្រ្តី និងកុមារ នៅទូទាំងប្រទេសកម្ពុជា
23-07-2025 10:38
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពចំពោះស្រ្តី និងកុមារ នៅទូទាំងប្រទេសកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក ដែលមានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។មជ្ឈមណ្ឌលនេះជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា។
ចំពោះមុខអង្គពិធី, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីការបេ្ដជ្ញាចិត្តដ៏មោះមុតរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខាមាលភាពប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត។
សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា»។
សូមជម្រាបថា អង្គភាពកុមារកម្ពុជានៃមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការនគរបាលជាតិ និងអង្គការមូលនិធិកុមារកម្ពុជា។ អង្គភាពការពារកុមារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជាមួយគោលបំណងផ្ដល់ការជ្រោមជ្រែងគ្រប់ជ្រុងជ្រោយនៅក្នុងការស៊ើបអង្កេត និងកិច្ចគាំពារកុមាររងគ្រោះដោយសារបទល្មើសបៀតបៀន កេងប្រវ័ញ្ច និងជួញដូរ។
លើសពីនេះ អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ និងមានបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ ដែលបាននិងកំពុងដើរតួនាទីជាត្រីវិស័យសម្រាប់ដឹកនាំអង្គភាពនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នៅក្នុងការគាំពារកុមារកម្ពុជា តាមរយៈការផ្ដល់សេវាកម្មស៊ើបអង្កេត និងសេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា៕