សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កុមារកម្ពុជានៅតែជួបបញ្ហាប្រឈមលើ អំពើហិង្សាលើកុមារ, ការកេងប្រវ័ញ្ច និងការជួញដូរជាដើម ដូច្នេះសូមឲ្យក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងអាណាព្យាបាល រួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា និងចំគោលដៅ (Video inside)
23-07-2025 10:39
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា កុមារកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជាអំពើហិង្សាលើកុមារ, ការកេងប្រវ័ញ្ច និង ការជួញដូរកុមារ, ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន, កុមារបម្លាស់ទី, កុមាររងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក, កុមារបោះបង់ការសិក្សា,កុមារកង្វះអាហាររូបត្ថម្ភជាដើម។
មហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ដូច្នេះប្រឈមនឹងបញ្ហាដូចខាងលើនេះ ទាមទារឱ្យក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍ ព្រមទាំងអាណាព្យាបាល រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ទោះជាយ៉ាងណាកុមារកម្ពុជា នៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជាអំពើហិង្សាលើកុមារ, ការកេងប្រវ័ញ្ច និងការជួញដូរកុមារ, ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន, កុមារបម្លាស់ទី, កុមាររងផលប៉ះពាល់ ដោយសារការធ្វើចំណាកស្រុក, កុមារបោះបង់ការសិក្សា,កុមារកង្វះអាហាររូបត្ថម្ភជាដើម។ ការណ៍នេះ ទាមទារឱ្យក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍ ព្រមទាំងអាណាព្យាបាល រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ»។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ក្នុងន័យនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវ នូវគោលនយោបាយ និងលិខិបទដ្ឋាកិត្តយុត្តជាច្រើន ដើម្បីគាំពារ និងលើកកម្ពស់សុខមាលភាពកុមារកម្ពុជា។ ជាក់ស្ដែងរាជរដ្ឋាភិបាល បានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឆ្នាំ២០០៩ និងបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពី ប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ក្នុងឆ្នាំ២០២០ថ្មីៗនេះបានដាក់ចេញផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើលហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ ក្នុងនោះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានដើរតួនាទីជាយន្ដការណ៍ សម្រប់សម្រួល និងផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍន៍ ការការពារ ការលើកកម្ពស់សុខមាលភាព និងការចូលរួមចំណែករបស់កុមារ៕