សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយអង្គការសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច រំលោភបំពានលើស្ត្រី និងកុមារ (Video inside)

23-07-2025 10:42

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ ប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយអង្គការសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច រំលោភបំពានលើស្ត្រី និងកុមារ។

ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើង ក្នុងឱកាសដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «អញ្ចឹងកិច្ចការទាំងអស់នេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលបានលើកទឹកចិត្ត ហើយរាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភានេះ ក៏យើងនៅបន្តប្ដេជ្ញាចិត្តជួយធ្វើការគាំទ្រ ទៅដល់សកម្មភាពរបស់ដៃគូររបស់យើង អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ ដែលធ្វើការជាមួយគ្នា ក្នុងការជួយដល់ប្រជាពលរដ្ឋ ជាពិសេសនៅសហគមន៍ ដែលត្រូវការការជួយ សហគមន៍ក្រីក្រ ឬមួយកុមារ ស្រ្តីដែលរងគ្រោះ បែបនេះ​ នាគឺជាការប្ដេជ្ញាចិត្តដែលយើងបន្តជួយតទៅទៀត»

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការប្រយុទ្ធ​ប្រឆាំង​ ចំពោះ​អំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាព​ប្រជា​ពល​រដ្ឋ ជាពិសេសស្រ្តី និង កុមារ ដែលជាជនងាយរងគ្រោះបំផុត។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ ដែលបានជួ​យ​ជ្រោមជ្រែងដល់អង្គការមូលនិធិកុមារកម្ពុជា ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន ហើយប្រសិនគ្មានការជួយជ្រោមជ្រែងទាំងនេះទេ ពិតណាស់អង្គការមូលនិធិកុមារកម្ពុជា នឹងមិនអាចសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ដូចសព្វថ្ងៃនេះនោះទេ។

ថ្លែងទៅកាន់អង្គវេទិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់​លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ ឲ្យ​បង្កើន​ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង អំពើ​រំលោភ​បំពាន​គ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា។

បើតាមការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អង្គភាពការពារកុមារនេះ ត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ២០១៣ ជាមួយគោលបំណងផ្តល់ការជ្រោមជ្រែងគ្រប់​ជ្រុងជ្រោយ ​នៅក្នុងកិច្ចការស៊ើបអង្កេត និង កិច្ចការគាំពារកុមាររងគ្រោះ ដោយសារបទល្មើស, បៀតបៀន, កេងប្រវ័ញ្ច និង ជួញដូរ ។ លើសពីនេះ, អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវ ដែលបាន និង កំពុងដើរតួនាទីជាត្រីវិស័យ និង បង្គោលចរ សម្រាប់ដឹកនាំអង្គភាពនេះ ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា, តាមរយៈការផ្តល់សេវាកម្មស៊ើបអង្កេត និង សេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ផងដែរថា ការដាក់ឲ្យដំណើរការ «មណ្ឌល​ផ្កាឈូក» នាពេលនេះគឺជាគំនិតផ្តួចផ្តើមថ្មីមួយ និងមិនធ្លាប់មានសម្រាប់ផ្តល់ការ​ថែ​ទាំ, ការគាំពារ, ការការពារ និង ការស្តារនីតិសម្បទាជូនដល់ជនរងគ្រោះ​ដោយសារ​អំពើ​រំលោភបំពាន, និងមានលក្ខណៈពិសេសតែមួយគត់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយ​សារ «មណ្ឌលផ្កាឈូក» ផ្តោតសំខាន់លើជនរងគ្រោះ និងការប្រើប្រាស់នូវ​បច្ចេក​​វិទ្យា និង វិធីសាស្រ្តទំនើប ក្នុង ការស៊ើបអង្កេត, ការស្រាវជ្រាវ និង ការវិភាគបទ​ល្មើស។ ម៉្យាងទៀត, «មណ្ឌលផ្កាឈូក» នឹងដាក់ចេញនូវស្តង់ដាការងារប្រកបដោយ​ឧត្តមភាពខ្ពស់, ទាំងនៅកម្រិតតំបន់ និង សកល, ស័ក្តិសមជាមណ្ឌលគាំពារកុមារគំរូ និង មានការទទួលស្គាល់ជាអន្តរជាតិ៕