សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តមោះមុត ប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពលើប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ

23-07-2025 10:50

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្តេជ្ញាចិត្តដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ, ជាពិសេសស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត។ ការប្ដេជ្ញាចិត្តរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ មានការប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយអង្គការសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច រំលោភបំពានលើស្ត្រី និងកុមារ ក៏ដូចជាលើកកម្ពស់ស្ត្រី។ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ ក៏នៅតែបន្តប្ដេជ្ញាចិត្តក្នុងការជួយទៅដល់សកម្មភាពរបស់ដៃគូរបស់យើង អង្គការសង្គមស៊ីវិល អង្គការអន្តរជាងតិ ដែលធ្វើការជាមួយគ្នាក្នុងការជួយដល់ប្រជាពលរដ្ឋ ជាពិសេសនៅសហគមន៍ដែលត្រូវការការជួយ ពិសេសសហគមន៍ក្រីក្រ ឬមួយកុមារ ស្រ្តីដែលរងគ្រោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «តាងនាមឱ្យរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនូវការប្ដេជ្ញាចិត្តដ៏មោះមុតនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខមាលភាព ប្រជាពលរដ្ឋជាពិសេសស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត។ អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវ ដល់គ្រប់ក្រសួងស្ថានប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព នៅទូរទាំងប្រទេសកម្ពុជា»។

ទន្ទឹមនឹងការប្ដេជ្ញាចិត្តនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រោម ជ្រែងដល់អង្គការមូលនិធិកុមារកម្ពុជា ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។ ប្រសិនគ្មានការជួយជ្រោមជ្រែងទាំងនេះទេ, ពិតណាស់អង្គការមូលនិធិកុមារកម្ពុជា ក៏នឹងមិនអាចសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ដូចសព្វថ្ងៃនេះនោះឡើយ៕