បង្ក្រាបជនជាតិម៉ាឡេស៉ី៦នាក់ ជាមួយកញ្ឆាក្រៀមប្រមាណ៦២គីឡូក្រាម នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ, តំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន»

23-07-2025 10:59

(ភ្នំពេញ)៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ក្រាបករណីគ្រឿងញៀន (កញ្ឆាក្រៀម) នៅចំណុចស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងរង្វង់ប្រតិបត្តិការ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ជាជនជាតិម៉ាឡេស៉ី។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា នៅពេលចាប់ខ្លួនសមត្ថកិច្ចជំនាញដកហូតបាន កញ្ឆាក្រៀម ទម្ងន់៦១,៨៧៦ក្រាម ដែលជនសង្ស័យ បានដាក់នៅក្នុងវាលីចំនួន៤ក្នុងគោលបំណងដឹកចេញពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហុងកុង ប្រទេសចិន និងបន្តទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៦នាក់ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការ តាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។ ជនសង្ស័យទាំង៦នាក់នោះរួមមាន

*ទី១៖ ឈ្មោះ MOHAMAD NORIDZWIN BIN NORDIN អាយុ៣៧ឆ្នាំ
*ទី២៖ ឈ្មោះ FOO WENG WAH អាយុ៤៧ឆ្នាំ
*ទី៣៖ ឈ្មោះ MUHAMMAD HAFLZSYAHMI អាយុ២៨ឆ្នាំ
*ទី៤៖ ឈ្មោះ MOHD RAHMAN BIN KHALID អាយុ៣៤ឆ្នាំ
*ទី៥៖ ឈ្មោះ WONG KIEN FATT អាយុ៧១ឆ្នាំ
*ទី៦៖ ឈ្មោះ NIK FAIRUL BIN JUSOH អាយុ៣១ឆ្នាំ។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៦នាក់ខាងលើ និងបក្ខពួកពីបទ «ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅចំណុចស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕